
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានអស់ សំណើច និងបានចោទជាសំណួរចំនួន២ទៅកាន់បុគ្គលម្នាក់ដែលសម្តេចធ្លាប់ប្រើកាលពីឆ្នាំ២០០៦កន្លងទៅ ឲ្យកែរដ្ឋធម្មនុញ្ញពី២ភាគ៣ទៅ៥០បូក១ ខណៈបុគ្គលរូបនេះតែងតែវាយប្រហារម្តងហើយម្តងទៀតដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីទទួលតំណែងជានាយករដ្ឋមន្រ្តីកម្ពុជា។
តាមរយៈឆាណែលតេលេក្រាម និងហ្វេសបុកនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«រឿងគួរឱ្យអស់សំណើចមួយ! ថ្ងៃមុនខ្ញុំបានមើលនូវបទសម្ភាសមួយដែលមានទាំងបណ្ឌិត សេង សារី ចូលរួមផង។ បុរសម្នាក់ដែលតាំងខ្លួនជាអ្នកចេះជាងគេ ដែលខ្ញុំធ្លាប់ប្រើក្បាលឱ្យជួយកែរដ្ឋធម្មនុញ្ញពី២/៣មក ៥០បូក១ នៅឆ្នាំ២០០៦ បាននិយាយថា ហ៊ុន ម៉ាណែត អត់ចេះអីទេ អ្វីៗឪពុកនៅបញ្ជាដឹកនាំទាំងអស់ ប៉ុន្តែជីវិតមនុស្សគ្មានអ្វីអមតៈទេ អត់ពីហ៊ុន សែន ទៅ ហ៊ុន ម៉ាណែត និងចប់ដែរ ឯឱកាសរបស់អ្នកប្រឆាំងក៏មកដល់ដែរSic!(សង្ខេបចំណុចដែលគេចង់និយាយ)»។
សម្តេចតេជោ បានថ្លែងបន្តទៀតថា សម្តេចមិនចង់ឆ្លើយតបជាមួយសមត្ថភាព សម្តេចធិបតីហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនោះទេ ព្រោះប្រជាជនកម្ពុជាបានស្គាល់រួចមកហើយ តែយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានសួរទៅជនដែលតែងនិយាយ ជាន់កែងខ្លួនឯងនេះនូវសំណួរពីរដូចខាងក្រោម៖ ១. អំណាច ហ៊ុន ម៉ាណែត ផ្អែកលើអំណាចរបស់ ហ៊ុន សែន បើ ហ៊ុន សែន ស្លាប់ ហ៊ុន ម៉ាណែត នឹងចប់។សំនួរសួរថាចុះបើ ហ៊ុន សែន នៅរស់ ២០ទៅ៣០ឆ្នាំទៀត តើក្រុមប្រឆាំងវាទៅជ្រកនៅទីណា? និងទី២. អ្នកដែលនិយាយថា ហ៊ុន សែន មិនមែនមានជីវិតអមតៈទេ ម្នាក់នេះមានអាយុច្រើនជាង ហ៊ុន សែន។ សំនួរសួរថា ពេល ហ៊ុន សែន កើនអាយុ តើលោកមិនកើនអាយុទេអី? ឆ្លើយជួសទៅចុះកើនដូចគ្នានឹងអាចងាប់មុន ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា សម្តេចចង់បញ្ជូនចំណុចទាំងនេះទៅកាន់បងប្អូនទាំងគាំទ្រ ទាំងប្រឆាំង ពិចារណានាចុងសប្តាហ៍នេះ។ បើទោះបីជាសម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ថា បុគ្គលខាងលើនេះជាអ្នកណា ក៏គេអាចដឹងថា ជាទណ្ឌិតក្បត់ជាតិបីជំនាន់ និងជាអ្នកនយោបាយចាស់វស្សាដែលកំពុងរត់ចោលស្រុកនោះដែរ៕ អត្ថបទ៖ បាន ចក់