
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ឡើងវិញនូវ «ការគាំទ្រពេញលេញ» និងជាឯកច្ឆន្ទរបស់ខ្លួនសម្រាប់ដំណើរការសន្តិភាព នៅក្នុងប្រទេសកូឡុំប៊ី»។
សមាជិកក្រុមប្រឹក្សា បានលើកឡើងពីសារៈសំខាន់ចំពោះ«ការធានានូវការអនុវត្តដ៏ទូលំទូលាយ»នៃកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយឆ្នាំ២០១៦ នៅប្រទេសកូឡុំប៊ី ហើយបានកោតសរសើរចំពោះវឌ្ឍនភាពដែលបានធ្វើឡើង ជាពិសេស បន្ទាប់ពីការបោះឆ្នោតក្នុងស្រុក។
ពួកគេបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់មន្ត្រីដែលទើបជាប់ឆ្នោតថ្មី ក្នុងការជំរុញសន្តិភាព និង «ការចូលរួមយ៉ាងពេញលេញ សមភាព មានអត្ថន័យ និងសុវត្ថិភាពរបស់ស្ត្រីមកពីមជ្ឈដ្ឋានចម្រុះ ក្នុងដំណើរការសន្តិភាព»។
ដោយកោតសរសើរចំពោះការយកចិត្តទុកដាក់ចំពោះបទប្បញ្ញត្តិកំណែទម្រង់ជនបទ ក្រុមប្រឹក្សា បានទទួលស្គាល់វឌ្ឍនភាពក្នុងការបែងចែកដីធ្លីដល់សហគមន៍កសិករ និងជនជាតិភាគតិច និងការអនុម័តកម្មវិធីសមាហរណកម្មគ្រប់ជ្រុងជ្រោយ។
ពួកគេ ក៏បានសម្តែងការព្រួយបារម្ភអំពីការគំរាមកំហែង និងអំពើហិង្សា ដែលកំពុងបន្តប្រឈមមុខដោយអតីតយុទ្ធជន និងមេដឹកនាំសង្គម ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ «ការអនុវត្តបន្ថែមទៀតនៃផែនការសកម្មភាពនៃកម្មវិធីទូលំទូលាយសម្រាប់ការការពារសម្រាប់មេដឹកនាំស្ត្រី និងអ្នកការពារសិទ្ធិមនុស្ស»។