
អភិបាលតំបន់ Bryansk របស់ប្រទេសរុស្ស៊ី លោក Alexander Bogomaz បាននិយាយនៅថ្ងៃសុក្រ (ទី១៩ ខែមករា) នេះថា ធុងប្រេងនៅឯកន្លែងស្តុកទុក ក្នុងទីក្រុង Klintsy ត្រូវភ្លើងបានឆាបឆេះ បន្ទាប់ពីយោធាបានបាញ់ទម្លាក់យានដ្រូនរបស់អ៊ុយក្រែន។
បើយោងតាមព័ត៌មានបឋម បានឲ្យដឹងថា គ្មាននរណាម្នាក់បានរងរបួស នៅក្នុងឧបទ្ទវហេតុនេះទេ ហើយលោក Bogomaz បាននិយាយថា ភ្លើងកំពុងត្រូវបានពន្លត់ដោយក្រុមពន្លត់អគ្គិភ័យ។
តាមរយៈកម្មវិធីផ្ញើសារ Telegram លោក Bogomaz បានសរសេរថា៖ «យានដ្រូនដែលមានរចនាប័ទ្មដូចយន្តហោះ ត្រូវបានបាញ់ទម្លាក់ដោយក្រសួងការពារជាតិដោយប្រើបច្ចេកវិទ្យាវិទ្យុអេឡិចត្រូនិក។ នៅពេលដែលការវាយប្រហារគោលដៅតាមអាកាស ត្រូវបានបំផ្លាញ គ្រាប់បែករបស់វាបានធ្លាក់នៅលើដែនដីនៃឃ្លាំងស្ដុកប្រេងក្នុងទីក្រុង Klintsy»។
លោក Bogomaz បានបន្ថែមទៀតថា យានដ្រូនរបស់អ៊ុយក្រែន ២គ្រឿងទៀត ត្រូវបានបាញ់ទម្លាក់នៅតំបន់ផ្សេងទៀតនៃទីក្រុង Bryansk ដោយអង្គភាពការពារដែនអាកាស៕