ភ្នំពេញ៖ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអនុញ្ញាតឱ្យ ឯកឧត្តម CHERDKIAT ATTHAKOR (ឆឺតគៀត អាត់ថាកន) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារអាទិភាពលើវិស័យការងារគ្រោះមន្តរាយនៅកម្ពុជាជាមួយឯកអគ្គរាជទូត និងបានកោតសរសើរ និងថ្លែងអំណរគុណចំពោះការគាំទ្រ ក៏ដូចជាការសហការជួយសង្គ្រោះគ្រោះអគ្គីភ័យរបស់កងកម្លាំងសង្គ្រោះរបស់ប្រទេសថៃនៅព្រំដែននាពេលកន្លងមក។
ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកបានចូលជួបសម្តែងការគួរសមនាឱកាសនេះ ហើយ ឯកអគ្គរដ្ឋទូតបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកងប្រតិបត្តិការសង្រ្គោះនៃប្រទេសទាំងពីរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លើកឡើងថា ទោះបីគ្រោះមហន្តរាយបង្កឡើងដោយមនុស្សក្តី ឬដោយធម្មជាតិក្តី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវចាត់ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងាររបស់យើងទាំងអស់គ្នា និងសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាមិត្តជិតខាងក្តី បណ្តាប្រទេសក្នុងតំបន់អាស៊ានក្តី គឺបានចូលរួមយ៉ាងសកម្មក្នុងការឆ្លើយពេលមានគ្រោះមហន្តរាយកើតឡើង ហើយក៏មានដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងភាគីអ្នកពាក់ព័ន្ធ ដែលបានចូលរួមក្នុងការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទានលើការពង្រឹងសមត្ថភាព ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិកន្លងមក ជាពិសេសស្ថានប័នជំនាញកម្ពុជា ដូចជាក្រសួងធនធានទឹក និងឧតុនិយមក្នុងការផ្ដល់ព័ត៌មានព្យាករណ៍នានា ដើម្បីឱ្យអ្នកប្រើប្រាស់យកទិន្នន័យនេះមកប្រើប្រាស់មានភាពងាយស្រួល ក្នុងការធ្វើផែនការត្រៀមរៀបចំ ដែលជាយន្តការក្នុងការឆ្លើយតប ប្រកបដោយ ប្រសិទ្ធភាព ។
គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សានៅក្នុងជំនួបនេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ទន្ទឹមនឹងនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត និង ឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាគ្នាអំពីអនុស្សរណៈនៃការយោគយល់រវាងក្រសួងមហាផ្ទៃថៃ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្នរវាងប្រទេសទាំងពីរ៕ ដោយ ៖ ឧត្ដម









