
អង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមករា) នេះ បាននិយាយថា វិស័យទេសចរណ៍សកលលោក ត្រៀមនឹងងើបឡើងវិញពេញបរិបូរណ៍ នៅឆ្នាំ២០២៤ បន្ទាប់ពីជំងឺរាតត្បាត ខណៈដែលលំហូរភ្ញៀវទេសចរអន្តរជាតិ ទំនងជានឹងកើនឡើង ២ភាគរយ ច្រើនជាងឆ្នាំ២០១៩។
អង្គការនេះបានបន្ថែមថា ការកើនឡើងនូវសកម្មភាពតភ្ជាប់ផ្លូវអាកាសសកល និងការស្ទុះងើបឡើងវិញយ៉ាងរឹងមាំនៃទីផ្សារអាស៊ី នឹងធ្វើឲ្យមានការត្រឡប់មកវិញទាំងស្រុងនៃសកម្មភាពទេសចរណ៍ទូទាំងពិភពលោកនៅឆ្នាំ២០២៤ ទោះបីជាអស្ថិរភាពភូមិសាស្ត្រនយោបាយ នៅតំបន់មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត បង្កើតជាហានិភ័យសម្រាប់ឧស្សាហកម្មនេះ ដោយសារវាប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកធ្វើដំណើរក៏ដោយ។
នៅឆ្នាំ២០២៣ តម្រូវការធ្វើដំណើរនៅតំបន់អឺរ៉ុប និងអាហ្រ្វិក ស្ទើរតែឡើងដល់កម្រិត មុនជំងឺរាតត្បាត ហើយនៅមជ្ឈិមបូព៌ា មានកម្រិតលើសតំបន់ទាំង២។ ក្នុងឆ្នាំ២០២៣ ទេសចរណ៍ពិភពលោកបានបញ្ចប់នៅត្រឹម ៨៨ភាគរយនៃកម្រិតមុនជំងឺរាតត្បាត ដោយមានអ្នកធ្វើដំណើរអន្តរជាតិប្រមាណ ១,៣ពាន់លាននាក់។
ហើយយោងតាមរបាយការណ៍មួយបានឲ្យដឹងថា ការរួមចំណែកក្នុងឧស្សាហកម្មទាំងមូលដល់សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៣ មានចំនួន ៣,៣សែនកោដិដុល្លារ៕