អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានធ្វើសមយុទ្ធការពារដែនអាកាសដោយជោគជ័យ ដោយប្រើប្រាស់យានដ្រូន ត្រូវបានរៀបចំឡើងដើម្បីស្ទាក់ចាប់គោលដៅរបស់សត្រូវនៅក្នុងតំបន់ ដែលលាតសន្ធឹងពីឆ្នេរភាគនិរតីរបស់ខ្លួន ទៅឆ្នេរភាគអាគ្នេយ៍ ក្នុងពេលមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់។

កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសប៉ាគីស្ថាន បានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងអ្វីដែលខ្លួនបាននិយាយថា ជាក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួននៅខាងក្នុងប្រទេសអ៊ីរ៉ង់ ជាការវាយប្រហារសងសឹក រយៈពេលពីរថ្ងៃបន្ទាប់ពីទីក្រុងតេអេរ៉ង់ បាននិយាយថាខ្លួនបានវាយប្រហារលើមូលដ្ឋានរបស់ក្រុមមួយផ្សេងទៀតនៅក្នុងទឹកដីប្រទេសប៉ាគីស្ថាន។
ការវាយប្រហារក្នុងជម្លោះ គឺជាការឈ្លានពានឆ្លងព្រំដែនកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានបង្កើនការព្រមានអំពីអស្ថិរភាពកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។
ប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថាន មានប្រវត្តិនៃទំនាក់ទំនងមិនរឹងមាំនោះទេ ប៉ុន្តែប្រទេសទាំងពីរ បានបង្ហាញសញ្ញាពីបំណងចង់ធ្វើឱ្យភាពតានតឹងកាន់តែចុះខ្សោយ បន្ទាប់ពីការវាយប្រហារនៅសប្តាហ៍នេះ។
ទោះជាយ៉ាងណា ប៉ាគីស្ថាន បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការធ្វើការជាមួយប្រទេសអ៊ីរ៉ង់ លើ បញ្ហាទាំងអស់ នៅក្នុងការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ កាលពីថ្ងៃសុក្រ បន្ទាប់ពីការវាយប្រហារតគ្នា៕
