ក្នុងឱកាសទើបទទួលបានតំណែងជាប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា អាណិត្តទី៨ លោក តុល ផាន់មឿង បានប្តេជ្ញាថា នឹងដឹកនាំក្រុមការងារទាំងមូល ដើម្បីលុបបំបាត់នូវរាល់អសកម្មភាព ដែលក្រុមហ៊ុនណាមិនអនុវត្តទៅតាមច្បាប់ស្តីពីការងារ និងការងារមួយចំនួនទៀតដែលមិនបានអនុវត្តនៅក្នុងក្រុមហ៊ុន។

លោក តុល ផាន់មឿង បានអះអាងយ៉ាងដូច្នេះ បន្ទាប់ពីលោកបានប្រឡូកក្នុងវិស័យសហជីពអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅកម្ពុជា ដែលតែងតែចូលជ្រៅទៅដល់រោងចក្រ សហគ្រាស ក្រុមហ៊ុន ក៏ដូចជាបង្កើតចលនាកម្មករនិយោជិត និងការងារកសាងបក្សនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានជាដើម។

លោកបានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងទៀតថា គិតមកដល់បច្ចុប្បន្ននេះ អគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជាបានដំណើរការជាង ១០ឆ្នាំមកហើយ ដោយគ្របដណ្តប់លើវិស័យវាយនភ័ណ្ឌ កាត់ដេរស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប និងវិស័យសំណង់។ លោកបានប្តេជ្ញាថា នឹងខិតខំយ៉ាងណា អនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជួយដល់កម្មករ កម្មការិនី បុគ្គលិកក្នុងការងារ និងជីវភាពរស់នៅ ព្រមទាំងចូលរួមទំនាក់ទំនងជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយសម្រួលដល់សហជីពនានាឲ្យចេះសាមគ្គីគ្នា។ លោកសន្យាទៀតថា ក៏នឹងចូលរួមជួយសម្របសម្រួល និងស្វែងរកដំណោះស្រាយវិវាទដែលកើតមានឡើងនៅក្នុងរោងចក្រ សហគ្រាស គ្រឹះស្ថាននានារបស់សមាជិកផងដែរ។

ឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធីបតីក្នុងពិធីប្រកាសចូលកាន់ដំណែងប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា (CGCU) ឆ្នាំ២០២៤-២០២៥ អាណត្តិទី៨ កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ថា កន្លងមក CGCU បានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសដោយបានពង្រឹងស្មារតីសាមគ្គីភាពជាធ្លុងមួយ ដើម្បីជាផលប្រយោជន៍ប្រទេសជាតិ និងផលប្រយោជន៍រួមក្នុងស្ថាប័នខ្លួនផ្ទាល់ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ទៅដល់ CGCU ត្រូវពង្រឹងកម្លាំងកម្មករនិយោជិតដែលជាសមាជិករបស់សហជីពដែលមានស្រាប់ ឲ្យយល់អំពីច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព ឲ្យបានទូលំទូលាយ ជាពិសេសលក្ខខណ្ឌការងារនៃច្បាប់ថ្មីៗដែលក្រសួងការងារ បានផ្សព្វផ្សាយរួចហើយ និងត្រូវរួបរួមសាមគ្គីភាពផ្ទៃក្នុងអោយបានល្អបំផុតដើម្បីការរីកចម្រើនរបស់អង្គភាព និងបម្រើផលប្រយោជន៍ជូនប្រទេសជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី




