ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានចេញនូវសេចក្តីណែនាំទៅកាន់សហគ្រាស គ្រឹះស្ថាន ត្រូវពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត បើធ្វេសប្រហែស បណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ត្រូវទទួលរងពិន័យតាមច្បាប់ស្តីពី ការងារ និងការផ្ដន្ទាទោសព្រហ្មទណ្ឌផ្សេងទៀត ។
យោងតាមសេចក្តីណែនាំក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា រយៈពេលថ្មីៗកន្លងមកនេះ សង្កេតឃើញមានករណីអគ្គិភ័យកើតឡើងជាបន្តបន្ទាប់នៅតាមសហគ្រាស គ្រឹះស្ថានមួយចំនួន បានធ្វើឱ្យបាត់បង់អាយុជីវិតមនុស្ស និងប៉ះពាល់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ដំណើរការអាជីវកម្ម សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ និងស្របពេលក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីការឡើងកម្ដៅអាកាសធាតុដល់ ៤១°C នៅខែមេសា និងឧសភា ឆ្នាំ២០២៤ ។

សេចក្តីណែនាំបន្តថា ដូចនេះម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូលរួមពង្រឹងការអនុវត្តនូវវិធានការ បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត សំដៅធានាបាននូវបរិយាកាស នៅកន្លែងធ្វើការប្រកបដោយសុវត្ថិភាព ទប់ស្កាត់បាននូវគ្រោះអគ្គិភ័យ និងករណីដួលសន្លប់ គឺត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តន៍ឱ្យម៉ឺងម៉ាត់នូវវិធានការចាំបាច់មួយចំនួន ។
ក្នុងនោះរួមមាន បង្កើនការត្រួតពិនិត្យជាប្រចាំ នូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ធ្វើការវាស់កម្តៅឧបករណ៍ផ្ដល់ចរន្តអគ្គិសនី, ត្រួតពិនិត្យ និងជំរុញការអនុវត្តតួនាទី និងភារកិច្ចរបស់គណៈកម្មការ ឬក្រុមការងារសុវត្ថិភាព និងសុខភាព, អប់រំ និងបណ្តុះបណ្តាលកម្មករនិយោជិតឱ្យយល់ដឹងអំពីសញ្ញាសុវត្ថិភាព របៀបជម្លៀសខ្លួន និងធ្វើលំហាត់សមឱ្យបានទៀងទាត់, ត្រួតពិនិត្យជាប្រចាំនូវមធ្យោបាយសង្គ្រោះបឋម និងដំណើរការគិលានដ្ឋានប្រចាំសហគ្រាស, ត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ, ត្រួតពិនិត្យជាប្រចាំនូវច្រកអាសន្ន ដែលអាចជម្លៀសខ្លួនចេញដោយសុវត្ថិភាព គ្មានឧបសគ្គ និងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិ នៅពេលដាច់ចរន្តអគ្គិសនី និងរៀបចំឱ្យមានផែនការឆ្លើយតបនៅគ្រាអាសន្ន ។
ប្រភពបន្ថែមថា ត្រូវត្រួតពិនិត្យ និងថែទាំជាប្រចាំប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ នៅតាមអគារធ្វើការ, បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារផលិតកម្ម, ណែនាំដល់កម្មករនិយោជិតបរិភោគទឹកស្អាត និងមានអនាម័យ, ត្រួតពិនិត្យ និងចាត់វិធានការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការសាយភាយ នៃសារធាតុគ្រោះថ្នាក់ និងចំពោះសហគ្រាស គ្រឹះស្ថាន ដែលប្រើប្រាស់ឡចំហាយ ត្រូតពិនិត្យជាប្រចាំនូវការប្រើប្រាស់ ។
ក្នុងករណីចាំបាច់ អាចធ្វើការទំនាក់ទំនងតាមរយៈប្រព័ន្ធHotline លេខ“១២៩៧” ឬក្រុមតេឡេក្រាម “សម្រាប់និយោជក” (https://t.me/EmployerChat) ឬក្រុមតេឡេក្រាម “សម្រាប់កម្មករនិយោជិត” (https://t.me/ KhmerWorkerChat) ឬអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះសុវត្ថិភាពកម្មករនិយោជិត ក្នុងអំឡុងពេលសីតុណ្ហភាពឡើងកម្ដៅខ្លាំង៕ អត្ថបទ៖ បាន សុខរិទ្ធិ

