រថយន្តដឹកទំនិញជាង ៥០០គ្រឿង រួមជាមួយត្រាក់ទ័ររាប់សិបគ្រឿង ត្រូវបានចតនៅជិតច្រក ទ្វាររដ្ឋ Brandenburg ទីក្រុងប៊ែកឡាំង កាលពីថ្ងៃសុក្រ ក្នុងការតវ៉ាជុំវិញការដំឡើងពន្ធផ្លូវ សម្រាប់រថយន្តដឹកទំនិញ។ យោងតាមនគរបាលទីក្រុងប៊ែរឡាំងបានឲ្យដឹងថា មនុស្សរាប់រយនាក់បានចូលរួមការប្រមូលផ្តុំគ្នាជាមួយវាគ្មិនបញ្ចេញមតិរិះគន់លើរដ្ឋាភិបាលចម្រុះ៣គណបក្សនាពេលបច្ចុប្បន្ន ដែលដឹកនាំដោយអធិការបតី លោក Olaf Scholz ។ ស្ថាប័នអាល្លឺម៉ង់ Bundestag ឬសភា បានសម្រេចបង្កើនបញ្ជរបង់ប្រាក់ផ្លូវហាយវ៉េ សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់កាលពីខែតុលា ឆ្នាំមុន ទាក់ទងនឹងការបំភាយឧស្ម័ន កាបូនីក។

វិធានការនេះ កើតមានឡើងខណៈមានការខិតខំដើម្បីចេញឆ្ងាយពីឥន្ធនៈហ្វូស៊ីល និងដើម្បីជួយដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងរបស់ប្រទេសអាល្លឺម៉ង់។
យានយន្ត ដែលដំណើរការដោយអគ្គិសនី ឬអ៊ីដ្រូសែន ត្រូវបានលើកលែងពីថ្លៃសេវាកើនឡើងនេះ។ ក្រុមអ្នករិះគន់អះអាងថា ការកើនឡើងបញ្ជរបង់ប្រាក់នឹងត្រូវបញ្ជូនទៅអ្នកប្រើប្រាស់ ដោយសារតែសហគ្រិននឹងមិនអាចទទួលយកការចំណាយបន្ថែមបាន ហើយហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តអគ្គិសនី មិនទាន់ត្រូវបានអភិវឌ្ឍគ្រប់គ្រាន់នៅឡើយ។
ការតវ៉ារបស់អ្នកបើកបររថយន្តដឹកទំនិញ បាននាំឱ្យមានការបង្វែរចរាចរណ៍នៅក្នុងរដ្ឋធានីប្រទេសអាល្លឺម៉ង់ ជាច្រើនថ្ងៃបន្ទាប់ពីការតវ៉ារយៈពេលមួយសប្តាហ៍ដោយកសិករ ដែលបានយកត្រាក់ទ័ររបស់ពួកគេទៅកាន់ទីក្រុងប៊ែរឡាំង និងទីក្រុងមួយចំនួនទៀត ដើម្បីតវ៉ាប្រឆាំងការកាត់បន្ថយការឧបត្ថម្ភធនសម្រាប់ប្រេងម៉ាស៊ូតកសិកម្ម៕
