ក្រុមគណៈគ្រូពេទ្យ ខេត្ដសៀមរាប បានធ្វើពិធីមហាសន្និបាត បូកសរុបលទ្ធផលសកម្មភាពក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាបអាណត្តិ៦ឆ្នាំ លើកទី៤ និងលើកទិសដៅការងារឆ្នាំ២០២៤ ព្រមទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគ្រូពេទ្យថ្មី បន្ទាប់ពីក្រុមប្រឹក្សាចាស់ចប់អាណត្តិ។ ពិធីនេះ ធ្វើឡើងនៅមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ នៅថ្ងៃទី២០ខែមករាឆ្នាំ២០២៤នេះ បន្ទាប់ពីកាខកខានដោយសារបញ្ហាកូវីដ ១៩ នឹងបញ្ហាមួយចំនួនទៀត។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សា និងជាប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប មានប្រសាសន៍ណែនាំឱ្យក្រុមគ្រូពេទ្យ ដែលមិនទាន់ចុះបញ្ជីជាសមាជិក ត្រូវចុះបញ្ជីសមាជិកគណៈគ្រូពេទ្យឱ្យបានត្រឹមត្រូវ ព្រោះក្រុមគ្រូពេទ្យមានតួនាទីក្នុងការអនុវត្ដន៍ និងបំពេញការងារប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈទៅលើអ្នកជំងឹ។លោកវេជ្ជបណ្ឌិតបានបន្ដថា ជាមួយគ្នានោះ គ្រូពេទ្យមិនត្រូវបំភ័យអ្នកជំងឺ ហើយត្រូវពិនិត្យព្យាបាលអ្នកជំងឺឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងមានបញ្ហាកើតឡើងដោយប្រការណាមួយ ដែលនាំឱ្យមានការប្ដឹងផ្ដល់ពីអ្នកជំងឺ និងធ្វើឱ្យប៉ះពាល់ដល់កិត្ដិយសដល់ក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យ ឡាំអេងហួរ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាអនុប្រធានគណៈគ្រូពេទ្យជាតិ មានប្រសាសន៍ថា ការផ្ដល់សេវាសុខាភិបាល គឺជាការបំពេញតួនាទី ដែលជាករណីកិច្ចប្រកកដោយវិជ្ជាជីវៈខ្ពស់ ក្រមសីលធម៌ ជាគ្រូពេទ្យជូនដល់អ្នកជំងឺ។ ឯកឧត្ដមបានបញ្ជាក់ថា គ្រូពេទ្យទាំងអស់ ដែលមិនទាន់បានចុះបញ្ជីគណៈគ្រូពេទ្យ ហាមដាចខាតមិនឲ្យធ្វើការពិនិត្យ និងព្យាបាលជំងឺឡើយ។ ហើយចំពោះគ្រូពេទ្យ ត្រូវតែមកចុះបញ្ជីគណៈគ្រូពេទ្យ និងបន្ដអាជ្ញាបណ្ណ នៃការអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ដ្រ ទើបអាចធានាបានថា ជាគ្រូពេទ្យពេញលេញ និងមានសមត្ថភាពគ្រប់គ្រាន់។គ្រូពេទ្យដែលមានវិជ្ជាជីវៈ មានក្រមសីលធម៌ខ្ពស់ខ្ពស់ ដោយមិនធ្វើអ្វីដែលមិនគួរធ្វើ មិនត្រូវធ្វើ បំពេញការងារម៉ត់ចត់ ម៉ឺងម៉ាត់ ប្រយ័ត្នប្រយែងខ្ពស់ មិនត្រូវប្រហែលជាដាច់ខាត និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។ ជាមួយគ្នានេះ ឯកឧត្ដមសាស្ដ្រចារ្យបានលើកឡើងថា ការប្រកបវិជ្ជាជីវៈសុខាភិបាល នៅក្នុងប្រទេសកម្ពុជា មានចំណុចវិជ្ជមានយ៉ាងច្រើន ទន្ទឹមនឹងនោះ ក៏ពិនិត្យឃើញថា មានចំណុចខ្វះខាត និងខុសឆ្គងមួយចំនួន ដែលតម្រូវឲ្យចាំបាច់ត្រូវតែលើកកម្ពស់ និងកែតម្រូវឲ្យស្របតាមបច្ចេកវិទ្យាផងដែរ។

លោក អ៊ុយ ចាន់ថុល ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប បានថ្លែងថា គិតត្រឹមខែធ្នូឆ្នាំ២០២៣កន្លងមក គ្រូពេទ្យជាជនជាតិខ្មែរ នឹងបរទេសដែលបានចុះបញ្ជីការ ក្នុងខេត្តសៀមរាបមានចំនួន ៥៩៧នាក់ ក្នុងនោះគ្រូពេទ្យជនបរទេសបានចុះបញ្ជីកាមានចំនួន១០៦នាក់។ លោកបានថ្លែងថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត គឺធ្វើសកម្មភាពការចុះបញ្ជី នឹងការផ្តល់អាជ្ញាប័ណ្ណដល់សមាជិកគណៈគ្រូពេទ្យ និងការត្រួតពិនិត្យគុណវុណ្ឍិ នៅតាមបន្ទប់ពិគ្រោះ និងគ្លីនិកមួយចំនួន នឹងការរៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្រ្តបន្តដែលធ្វើឡើងជាប្រចាំមួយឆ្នាំ២ដង ដើម្បីជាការរំលឹកនូវការអភិវឌ្ឍចំណេះដឹងផងដែរ។ លោកបន្ដថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យបានទទួលពាក្យបណ្តឹងមួយចំនួនពីប្រជាជន នឹងពីអជ្ញាធរផងដែរ បណ្តឹងមួយចំនួន និងបានចាប់គ្រូពេទ្យខុសច្បាប់ ៤នាក់ និងចាប់គ្រូខ្មែរម្នាក់ទៅតុលាការ ខណៈដែលគ្រូខ្មែរ៥នាក់ទៀតយកទៅអប់រំណែនាំ បញ្ឈប់ការប្រកបរបរសុខាភិបាល២ករណី និងមួយករណីកំពុងរត់គេចខ្លួន៕ អត្ថបទ៖ ឈិត សាវី



