ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua របស់ប្រទេសបានរាយការណ៍ថា មនុស្ស ១៣ នាក់ស្លាប់ បន្ទាប់ពីអគ្គីភ័យ បានឆាបឆេះនៅក្នុងអគារអន្តេវាសិកដ្ឋានសាលារៀនមួយកន្លែងនៅភាគកណ្តាលប្រទេសចិន។
អគ្គិភ័យដ៏ខ្លាំងនេះ បានកើតឡើងកាលពីយប់ថ្ងៃសុក្រ នៅសាលាររៀនកុមារតូច ក្នុងភូមិ Yanshanpu ខេត្ត ហេណាន(Henan) ។ យោងតាមសារព័ត៌មាន China Daily បានឱ្យដឹងថា សាលារៀនដំណើរការដោយផ្នែកឯកជននេះ បម្រើដល់សិស្សថ្នាក់មត្តេយ្យសិក្សា និងសិស្សបឋមសិក្សា។

អ្នកគ្រប់គ្រងសាលារៀន នៅជិតទីក្រុង Nanyang ត្រូវបានឃុំខ្លួន ហើយការស៊ើបអង្កេតកំពុងដំណើរការ។ ចំណែកមនុស្សម្នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយកំពុងស្ថិតក្នុងស្ថានភាពស្ថិរភាព។ ពុំមានព័ត៌មានលម្អិតបន្ថែមទៀតអំពីអត្តសញ្ញាណអ្នកស្លាប់ ឬមូលហេតុនៃអគ្គិភ័យ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញផ្លូវការឡើយ។ សារព័ត៌មាន ស៊ីនហួរបានរាយការណ៍ថា អគ្គិភ័យត្រូវបានពន្លត់រយៈពេលមិនដល់មួយម៉ោងនោះទេ បន្ទាប់ពីក្រុមពន្លត់អគ្គិភ័យត្រូវបានជូនដំណឹង។ អគ្គីភ័យបណ្តាលឲ្យមានមនុស្លាប់ នៅក្នុងប្រទេសចិន មិនមែនជារឿងប្លែកនោះទេ ដោយសារតែការអនុវត្តស្ដង់ដារអគារ និងសុវត្ថិភាពមានភាពធូរលុង។ កាលពីខែវិច្ឆិកា មនុស្សចំនួន ២៦ នាក់បានស្លាប់បន្ទាប់ពីមានអគ្គីភ័យឆាបឆេះអគារការិយាល័យមួយក្នុងទីក្រុង Luliang ខេត្ត Shanxi។
អគ្គិភ័យឆេះមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំងកាលពីខែមេសា ឆ្នាំមុន ក៏បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៩ នាក់ ដែលភាគច្រើនជាអ្នកជំងឺ ហើយបានបង្កឱ្យមានការស៊ើបអង្កេតដែលមនុស្ស ១២ នាក់ត្រូវបាននគរបាលឃាត់ខ្លួន៕
