ព្រះសីហនុ ៖ នៅថ្ងៃនេះកម្លាំងនគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ដែលជាមុខសញ្ញាទិញ-លក់ប័ណ្ណចាក់វ៉ាក់ សាំងបង្ការ ជំងឺកូវីដ-១៩ នៅក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ។
អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ លោក ឃាង ភារម្យ ថ្លែងឱ្យដឹងថា ខណៈរដ្ឋបាលខេត្ត កំពុងមមាញឹកអនុវត្តវិធានការនានា ក្នុងយុទ្ធនាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩ ថែរក្សាសុខភាពជូនពលរដ្ឋដោយមិនគិតថ្លៃ។ នៅក្រុងព្រះសីហនុ មានជនខិលខូចមួយ ចំនួនតូច បានឆ្លៀតធ្វើសកម្មភាពទិញ-លក់ទិញប័ណ្ណចាក់វ៉ាក់សាំង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ខុសពីគោលការណ៍ របស់ រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ដព្រះសីហនុ គឺការវ៉ាក់សាំងនេះ មិនគិតលុយទេ ដូច្នេះសកម្មភាពនេះ ជាទង្វើខុសច្បាប់។
លោក បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការគិតគូរ កុំជឿឃោសនាជនខិលខូចខ្លះ “និយាយបំផ្លើសថា អស់វ៉ាក់ សាំងនោះ” ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់វ៉ាក់សាំងមករដ្ឋបាលខេត្ដព្រះសីហនុគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត និងជនបរទេស ដែលកំពុងបំពេញការងារ នៅតាមក្រុង ស្រុក ក្នុងខេត្ដព្រះសីហនុ។
លោកវរសេនីយ៍ឯក តី វិសាល អធិការក្រុងព្រះសីហនុ បានប្រាប់ឱ្យដឹងថា កងកម្លាំងជំនាញ នៃអធិការដ្ឋាននគរ បាលក្រុង បានស្រាវជ្រាវឃាត់ខ្លួនមនុស្ស៦នាក់ ដែលជាមុខសញ្ញាពាក់ព័ន្ធសកម្មភាពទិញ-លក់ទិញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យកមកសួរនាំនៅអធិការនគរក្រុងខេត្តព្រះសីហនុ។
ជនសង្ស័យ បានបញ្ជាក់ថា ពួកគេ បានទិញ សន្លឹក ប័ណ្ណបំពេញព័ត៌មានសម្រាប់ចាក់វ៉ាក់សាំង ១ច្បាប់ តម្លៃ៥ពាន់រៀល គាត់បានយកទៅលក់បន្ត ១ច្បាប់២ម៉ឺនរៀល។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់នោះ ត្រូវដាក់នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ហើយកម្លាំងជំនាញ កំពុងបន្ដនីតិវិធី ស៊ើបសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ គង់ ប៊ុនថា



