កម្មវិធី«សំណេរអង្គរ» លើកទី១ នឹងប្រព្រឹត្តិធ្វើឡើង នៅថ្ងៃទី២១ខែមករាស្អែក នៅមុខប្រាសាទអង្គរ ខេត្តសៀមរាប ដោយមានបេក្ខជនចូលរួមប្រកួតជាង៨០០នាក់។
មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយBTV លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធីសំណេរអង្គ បានឱ្យដឹងថា កម្មវិធី«សំណេរអង្គរ» ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អក្សរសាស្ត្រខ្មែរ ជាពិសេសគឺជំរុញឱ្យប្រជាពលរដ្ឋ កែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យបានត្រឹមត្រូវ។

លោកបន្តថា កម្មវិធីសំណេរអង្គរ ប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២១ ខែមករា នេះ មានបេក្ខជនចូលរួមប្រកួតចំនួន ៨១៥នាក់ មានទាំងសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ និងសាធារជនទូទៅផងដែរ។ សម្រាប់រយៈពេលនៃការប្រកួតមានពេល១ម៉ោង ប្រធានបទ គឺពាក់ព័ន្ធនឹងតំ បន់អង្គរ ដែលជាទឹកដីដ៏អច្ឆរិយៈនៃប្រជាជាតិខ្មែរ ជាអតីតរាជធានីខ្មែរសម័យចក្រភពអង្គរជាង៦០០ឆ្នាំ។ លើសពីនេះ លោករំពឹងថា ប្រសិនបើកម្មវិធីសំណេរអង្គរលើកទី១ ទទួលបានជោគជ័យ នោះក្រុមការងារ នឹងធ្វើឡើងមួយឆ្នាំម្តង ។

ចំពោះរង្វាន់សម្រាប់ជ័យលាភីចូលរួមប្រកួតមានដូចជា៖ ជ័យលាភីលេខ១ ទទួលបានប្រាក់រង្វាន់ ១លាន២សែនរៀល ជាមួយការស្នាក់នៅក្នុងសណ្ឋាគារផ្កាយ៥ ចំនួន១បន្ទប់ គ្រែ២ សម្រាប់៣យប់ នៅខេត្តសៀមរាប។ ជ័យលាភីលេខ២ ទទួលបានប្រាក់រង្វាន់៨សែនរៀល ជាមួយការស្នាក់នៅក្នុងសណ្ឋាគារផ្កាយ៤ចំនួន១បន្ទប់គ្រែ២ សម្រាប់៣យប់នៅខេត្តសៀមរាប និងជ័យលាភីលេខ៣ ទទួលបានប្រាក់រង្វាន់៤សែនរៀល ជាមួយការស្នាក់នៅក្នុងសណ្ឋាគារផ្កាយ៣ ចំនួន១បន្ទប់គ្រែ២ សម្រាប់៣យប់នៅខេត្តសៀមរាប។ ក្រៅពីនេះក៏មានរង្វាន់លើកទឹកចិត្ត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។

ពាក់ព័ន្ធនឹងការរៀបចំកម្មវិធីសំណេរអង្គរនេះដែរ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងស្តីពីការបិទចរាចរណ៍បណ្តោះអាសន្ននៅស្ពានហាលខាងលិចប្រាសាទអង្គរ ចំនួន២ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ខែមករា ឆ្នាំ២០២៤ ដើម្បីអនុញ្ញាតជូនក្រសួងអប់រំយុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ រៀបចំកម្មវិធីសំណេរ អង្គរលើកទី១៕ អត្ថបទ៖ ទូច សោភ័ណ



