រដ្ឋអាជ្ញាប្រទេសស្វ៊ីសកាលពីថ្ងៃសុក្រ បានបញ្ជាក់ថា ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog គឺជាកម្មវត្ថុ នៃបណ្តឹងព្រហ្មទណ្ឌក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវូស ខណៈដែលអ៊ីស្រាអែលរកឃើញថា ខ្លួនត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅតំបន់ហ្កាហ្សា។
ការិយាល័យអគ្គមេធាវីស្វ៊ីស បាននិយាយថា៖«បណ្តឹងព្រហ្មទណ្ឌ នឹងត្រូវបានពិនិត្យតាមនីតិវិធីធម្មតា» ដោយបន្ថែមថា ខ្លួននឹងទាក់ទងទៅក្រសួងការបរទេសស្វ៊ីស ដើម្បីពិនិត្យសំណួរអំពីអភ័យឯកសិទ្ធិរបស់បុគ្គលដែលពាក់ព័ន្ធ។
ការិយាល័យអគ្គមេធាវីរបស់ប្រទេសស្វ៊ីស នឹងមិនបង្ហាញព័ត៌មានលម្អិតអំពីលក្ខណៈ ឬចំនួននៃពាក្យបណ្តឹង ឬអ្នកដែលបានដាក់ពាក្យបណ្តឹងនោះទេ។
អ្នកនាំពាក្យការិយាល័យរបស់ Herzog និងអ្នកនាំពាក្យរបស់រដ្ឋាភិបាល និងក្រសួងការបរទេសអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
លោក Herzog បាននិយាយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ជាទីដែលលោក បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ បដិសេធការអះអាងអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងអ៊ីស្រាអែល៕

