ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញជំរុញឱ្យពង្រឹងការអនុវត្តវិធានការក្រសួងសុខាភិបាល និងមិនអនុញ្ញាតឱ្យជួបជុំប្រមូលផ្ដុំមនុស្សទទួលទានគ្រឿងស្រវឹងនៅតាមទីសាធារណៈ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែពង្រឹងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឱ្យម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយ ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ថា ក្រៅពីមិនអនុញ្ញាតឱ្យបើកការ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណជាដើមហើយនោះ ក៏មិនអនុញ្ញាតឱ្យមានការជួបជុំគ្នាពពាក់ពពូនទទួលទានគ្រឿងស្រវឹងនៅតាមទីសាធារណៈដែរ។
អ្នកដែលប្រព្រឹត្តិករណីនេះត្រូវតែឃាត់ខ្លួន ដោយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចត្រូវតែអប់រំ និងផ្សព្វផ្សាយព័ត៌មាននេះជាសាធារណៈថែមទៀត។
ការជំរុញរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ស្នងការនគរបាល និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា បច្ចុប្បន្នយើងឃើញមានយុវជនមួយចំនួនបានជួបជុំគ្នាពពាក់ពពូន ទទួលទានគ្រឿងស្រវឹងនៅតាមទីសាធារណៈ ដូចជានៅផ្លូវ៦០ម៉ែត្រ ឬនៅតំបន់លីយ៉ុងផាត់ជាដើម។ អ្នកដែលប្រព្រឹត្តិករណីនេះត្រូវតែឃាត់ខ្លួន ហើយអាជ្ញាធរ និងសមត្ថកិច្ចត្រូវនាំយកមកអប់រំ និងផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ប៉ុន្តែយើងមិនបានហាមឃាត់ចំពោះការជួបជុំជាលក្ខណៈគ្រួសារនោះទេ។
ឯកឧត្ដម ឃួង ស្រេង បានសង្កត់ធ្ងន់ថា ការបណ្តែតបណ្តោយឱ្យមានការលួចបើកការ៉ាអូខេ ក្លឹបកំសាន្ត ហាងម៉ាស្សា ក្លឹបហាត់ប្រាណជាដើម នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន ហើយស្រាប់តែទីតាំងទាំងនោះបានផ្ទុះឡើងនូវជំងឺកូវីដ-១៩ គឺអភិបាលខណ្ឌត្រូវតែទទួលខុសត្រូវដោយខ្លួនឯង។
ក្នុងកិច្ចប្រជុំនេះដែរ អាជ្ញាធរតាមបណ្ដាខណ្ឌបានលើកឡើងថា ជំងឺកូវីដ-១៩នៅតែបន្តកើតមាននៅក្នុងមូលដ្ឋានរាល់ថ្ងៃ ហើយភាគច្រើនកើតនៅតាមការដ្ឋានសំណង់ សិប្បកម្ម កម្មករ និងបុគ្គលិកក្រុមហ៊ុនឯកជន ដោយរាយប៉ាយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌនឹងពង្រឹងការអនុវត្តវិធានការម៉ឺងម៉ាត់បំផុត ទៅតាមការណែនាំរបស់រដ្ឋបាលរាជធានី និងថ្នាក់ជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះបន្ដទៀត។
ចំពោះការចាក់វ៉ាក់សាំងការពារកូវីដ-១៩វិញ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា នៅភ្នំពេញប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់មកទទួលការចាក់វ៉ាក់សាំងនៅឡើយទេ ដូច្នេះ អាជ្ញាធរខណ្ឌទាំងអស់ត្រូវចុះស្រង់ស្ថិតិ និងស្វែងរកមូលហេតុឱ្យបានច្បាស់លាស់ ថាតើ ហេតុអ្វីមកដល់ម៉ោងនេះហើយប្រជាពលរដ្ឋនៅមិនទាន់បានចាក់វ៉ាក់សាំង។
ឯកឧត្ដម ឃួង ស្រេង បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញនឹងបើកការចាក់វ៉ាក់សាំងនេះនៅតាមមណ្ឌលសុខភាពខណ្ឌទាំងអស់ ដោយផ្តើមអនុវត្តចាប់ពីថ្ងៃអាទិត្យទី២៧ ខែមិថុនានេះ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដូច្នេះ សូមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំង រួសរាន់មកទទួលចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យក្រុមគ្រូពេទ្យបានបន្តទៅចាក់ឱ្យប្រជាពលរដ្ឋនៅបណ្តាខេត្តផ្សេងៗទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា