ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អេរដូហ្គែន (Recep Tayyip Erdoğan) កាលពីថ្ងៃសុក្រ បានវាយប្រហារនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ចំពោះការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សាស្ទ្រីបដោយហៅលោក ថាជា «មេដឹកនាំ ឬ អគ្គមគ្គុទេស»។

លោកអេរដូហ្គែល បានធ្វើការប្រៀបធៀបរវាងលោកណេតាន់យ៉ាហ៊ូ និងមេដឹកនាំណាហ្ស៊ី (Nazi) រួចហើយកាលពីចុងខែធ្នូ នៅពេលនិយាយអំពីការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត ដែលបានសម្លាប់ប្រជាជនអ៊ីស្រាអែល ក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី៧ ខែតុលា។
មនុស្សជាង ១.២០០នាក់នៅក្នុងសហគមន៍អ៊ីស្រាអែល នៅជិតព្រំដែនជាមួយតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានសម្លាប់ និងប្រហែល ២៤០ នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។
អ៊ីស្រាអែលបានសងសឹកជាមួយនឹងការទម្លាក់គ្រាប់បែក និងយុទ្ធនាការថ្នើរជើងយ៉ាងធំ នៅតំបន់ហ្កាហ្សា។

អាជ្ញាធរក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃសុក្រថា ប្រជាជនប៉ាឡេស្ទីនជាង ២៤.000 នាក់ ត្រូវបានសម្លាប់នៅទីនោះដោយសារសង្គ្រាម។
លោកអេរដូហ្គែន បានអះអាងថា បណ្តាប្រទេសលោកខាងលិចរក្សាភាពស្ងៀមស្ងាត់ចំពោះមុខអ៊ីស្រាអែល «ការសម្លាប់យ៉ាងព្រៃផ្សៃ...កុមារ ទារក និងស្ត្រី»នៅតំបន់ហ្កាហ្សា៕
