ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានថ្លែងថា ដំណើរទស្សនៈកិច្ចផ្លូវការរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅប្រទេសបារាំង គឺបានបង្កើតជំហររួមគ្នាជាច្រើនរវាងកម្ពុជា និងបារាំង ដែលមិនធ្លាប់មាននោះឡើយក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ហើយដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះ គឺភាគីទាំងពីរបានឯកភាពរួមគ្នាជាច្រើនដើម្បីផលប្រយោជន៍រួមរវាងប្រជាជន និងប្រទេសទាំងពីរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅប្រទេសបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅកម្ពុជា និងបារាំងនឹងបើកសករាជថ្មីមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ទាំងវិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។ ហើយជាមួយគ្នានោះប្រធានាធិបតីបារាំង ឯកឧត្តមអេម៉ាណូអែល ម៉ាក្រុង ក៏បានស្នើឲ្យកម្ពុជាចូលរួមនូវយុទ្ធនាការជាមួយខ្លួនផងដែរក្នុងការទប់ស្កាត់ការកើនកម្តៅលើភពផែនដី និងការកាត់បន្ថយភាពក្រីក្រនៅលើពិភពលោកជាដើម។

ក្នុងសន្និសីទសារព័ត៌មានខាងលើនេះ ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ ក៏បានលើកឡើងផងដែរថានៅក្នុងកិច្ចជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអេម៉ាណូអែល ម៉ាក្រុង ថ្នាក់ដឹកនាំទាំងពីរ បានប្រកាសគោលជំហររួមគ្នាចំពោះមុខផងដែរទាក់ទងនឹងសង្រ្គាមនៅរុស្ស៊ី ជំហររួមគ្នានៅចំពោះមុខនៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជំហររួមគ្នាលើកិច្ចសហប្រតបិត្តិការជាច្រើនទៀតទាក់ទងនឹងផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ(កម្ពុជា-បារាំង)៕ អត្ថបទ៖ បាន ចក់
