កូរ៉េខាងជើង ៖ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបង្ហាញគោលបំណងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងពេលដ៏ខ្លីខាងមុខនេះ ។
KRT រាយការណ៍ថា លោក Putin បានថ្លែងអំណរគុណផងដែរដល់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un សម្រាប់ការអញ្ជើញរបស់គាត់ឲ្យបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ពេលដែលលោកជួបរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោកស្រី Choe Son Hui ដែលបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុន ។
ដោយឡែក សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអាទិត្យនេះដែរថា រុស្ស៊ីបានថ្លែងអំណរគុណកូរ៉េខាងជើងសម្រាប់ការគាំទ្រ និងសាមគ្គីភាពរបស់ពួកគេនៅក្នុងសង្រ្គាមអ៊ុយក្រែន ហើយប្រទេសទាំង ២ បានបង្ហាញក្តីកង្វល់ធ្ងន់ធ្ងរផងដែរចំពោះសកម្មភាពបង្កហេតុរបស់សហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្តរបស់ពួកគេ ប្រឆាំងនឹងសិទ្ធិអធិបតេយ្យភាពរបស់ទីក្រុងព្យុងយ៉ាង ខណៈពួកគេយល់ព្រមចូលរួមកិច្ចសហប្រតិបត្តិការនៅក្នុងកិច្ចការក្នុងតំបន់ ។
សារព័ត៌មានរដ្ឋកូរ៉េខាងជើងរាយការណ៍ទៀតថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូ នឹងស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ(U.N) ហើយនិងច្បាប់អន្តរជាតិផ្សេងទៀត ៕

