ម៉ិចស៊ិក ៖ ប្រជាពលរដ្ឋនៅក្នុងទីក្រុង Lerdo de Tejada បានបង្កជម្លោះជាមួយក្រុមនគរបាល អំឡុងបាតុកម្មហិង្សា ក្រោយនគរបាលបាញ់សម្លាប់បុរសវ័យក្មេងម្នាក់ ពេលដែលគាត់មិនឈប់រថយន្តនៅចំណុចត្រួតពិនិត្យ ។
សារព័ត៌មានរដ្ឋ រាយការណ៍ថា នគរបាលក្រុង Lerdo de Tejada ស្ថិតក្នុងរដ្ឋតំបន់ឆ្នេរឈូងសមុទ្រ Veracruz បានបាញ់សម្លាប់លោក Brandon Arellano វ័យ ២៧ឆ្នាំ ដែលជាកូនប្រុសគ្រូបង្រៀនក្នុងស្រុកម្នាក់ ពេលដែលគាត់មកដល់ក្រៅផ្ទះជីដូនរបស់គាត់ ។
រូបភាពវីដេអូឃ្លីបថតបានដោយសារព័ត៌មានក្នុងស្រុក Lerdo esta de pie ឃើញក្រុមអ្នកជិតខាងវាយប្រហារមន្តីនគរបាលនៅជាប់រថយន្ត ជាកន្លែងដែលលោក Arellano ត្រូវបានគេបាញ់សម្លាប់ ។
ហ្វូងមនុស្ស បានរុញ និងច្រានក្រុមនគរបាល ទាមទារស្វែងរកអ្នកដែលសម្លាប់លោក Arellano ។
ក្រុមអាជ្ញាធរ ពុំបានប្រាប់ឲ្យដឹងពីមូលហេតុដែលពួកគេហៅលោក Arellano ឲ្យឈប់នោះឡើយ ៕

