ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចគយប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ បង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដែលបង្កប់តាមកញ្ចប់បញ្ញើពីកម្ពុជា ទៅអូស្ត្រាលី ចំនួន ២ករណី រឹបអូសបានថ្នាំញៀនជិត ៣គីឡូក្រាម។
ការបង្ក្រាបនេះដោយ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គរងនគរបាលជាតិ ក្រោមការដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកម្លាំងជំនាញ (ក១០) មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងគយប្រចាំ ព្រលានយន្តហោះភ្នំពេញ បានត្រួតពិនិត្យកេសបញ្ញើមួយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ សហការជាមួយក្រុមហ៊ុន Embassy freight express co,ltd និងក្រុមហ៊ុន ១៦៨ Logistics chains co,ltd បានធ្វើការត្រួតពិនិត្យកេសបញ្ញើមិនប្រក្រតី ។
ជាលទ្ធលនៃការចុះបង្ក្រាបទាំង២ទីតាំងនេះ កម្លាំងជំនាញបានចាប់យកសារធាតុញៀន ន្រភេទ ហេរ៉ូអ៊ីន ទម្ងន់ ២,៧៥២.៩៦ក្រាម (២គីឡូ និង៧៥២.៩៦ក្រាម)។
ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវរកបុគ្គលអ្នកពាក់ព័ន្ធ និងចាប់ខ្លួនមេក្លោងមកផ្តន្ទាទោស ខណៈវត្ថុតាងជាថ្នាំញៀន ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕ ដោយ ៖ តារាវុទ្ធី

