រុស្ស៊ី ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ក្នុងសុន្ទរកថាដែលបានចេញផ្សាយនៅថ្ងៃអាទិត្យ ២១ មករា ថា ទំហំសមយុទ្ធនៃអ្នកការពាររឹងមាំ Steadfast Defender 2024 របស់ណាតូ បង្ហាញពីការត្រឡប់មកវិញ ដែលមិនអាចបញ្ឈប់បាន របស់សម្ព័ន្ធភាពនេះ ទៅនឹងគ្រោងការណ៍សង្គ្រាមត្រជាក់។
សម្ព័ន្ធយោធា NATO បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងចាប់ផ្តើមសមយុទ្ធដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់ដោយមានទាហានប្រហែល៩០.០០០នាក់ ជាការហាត់សមពីរបៀបដែលទាហានអាមេរិកអាចពង្រឹងសម្ព័ន្ធមិត្តអឺរ៉ុបនៅក្នុងប្រទេសមានព្រំដែនជាប់ប្រទេសរុស្ស៊ី និងនៅស្លាបខាងកើតនៃសម្ព័ន្ធភាពរបស់ខ្លួន ក្នុងករណីប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនមានជម្លោះជាមួយសត្រូវ។
លោក Grushko បានប្រាប់សារព័ត៌មាន RIA ថាសមយុទ្ធទាំងនេះគឺជាធាតុមួយផ្សេងទៀតនៃសង្រ្គាមកូនកាត់ដែលបានបង្កាត់ឡើងដោយលោកខាងលិចប្រឆាំងនឹងប្រទេសរុស្ស៊ី។
សមយុទ្ធដ៏ធំនេះ បង្ហាញពីការវិលត្រឡប់ចុងក្រោយ និងមិនអាចលុបចោលវិញបានរបស់ណាតូចំពោះគម្រោងសង្រ្គាមត្រជាក់ នៅពេលដែលដំណើរការរៀបចំផែនការយោធា ធនធាន និងហេដ្ឋារចនាសម្ព័ន្ធ កំពុងត្រូវបានរៀបចំសម្រាប់ការប្រឈមជាមួយរុស្ស៊ី។
សម្ព័ន្ធយោធាណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក ពុំបាននិយាយឈ្មោះរុស្ស៊ីក្នុងការប្រកាសរបស់ខ្លួនទេ។ ប៉ុន្តែឯកសារយុទ្ធសាស្ត្រកំពូលរបស់ខ្លួនកំណត់រុស្ស៊ីថាជាការគំរាមកំហែងដ៏សំខាន់ និងផ្ទាល់បំផុតចំពោះសន្តិសុខរបស់សមាជិកណាតូ។
គួររម្លឹកថា រុស្ស៊ី បានចាប់ផ្តើមការលុកលុយពេញបន្ទុកលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ជាអ្វីដែលទីក្រុង Kyiv និងសម្ព័ន្ធមិត្តលោកខាងលិចបាននិយាយថា ជាការដណ្តើមយកទឹកដីចក្រពត្តិនិយមដែលមិនមានការបង្កហេតុទាល់តែសោះ៕

