អាមេរិក ៖ ទីភ្នាក់ងារអាកាសធាតុជាតិ (NWS) បានរាយការណ៍កាលពីថ្ងៃសៅរ៍ទី២០ ខែមករាថា ខ្យល់ព្យុះរដូវរងា និងត្រជាក់ខ្លាំងដែលបានវាយប្រហារភាគច្រើននៃសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលនឹងបង្កឲ្យមានផលវិបាកដ៏ធ្ងន់ធ្ងរ ត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ចុងសប្តាហ៍នេះ។
ទោះបីជាសីតុណ្ហភាពត្រជាក់ត្រូវបានព្យាករណ៍នៅទូទាំង ២ភាគ៣ នៃប្រទេសនេះ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ដោយមានព្រិល ភ្លៀងត្រជាក់ និងភ្លៀងធ្លាក់ខ្លាំងក៏ដោយ ក៏សារព័ត៌មាន CBS News បាននិយាយថាគ្រោះធម្មជាតិនេះ បានបង្កើនចំនួនអ្នកស្លាប់ដោយសារអាកាសធាតុ នៅសហរដ្ឋអាមេរិកដល់៨៣នាក់ កាលពីសប្តាហ៍មុន។
សារព័ត៌មាន CBS បានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន១៩ នាក់ ដែលត្រូវបានបាត់បង់ដោយសារអាកាសធាតុធ្ងន់ធ្ងរនៅរដ្ឋ Tennessee និងរដ្ឋ Oregon ចំនួន១៦ នាក់ទៀត រួមទាំងមនុស្ស ៣នាក់ដែលបានស្លាប់ដោយសារការឆក់ចរន្តអគ្គិសនីពីខ្សែភ្លើងដែលបានធ្លាក់មកលើរថយន្តដែលពួកគេកំពុងជិះកាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន CBS ចំនួនអ្នកស្លាប់ផ្សេងទៀត ត្រូវបានរាយការណ៍នៅទូទាំងរដ្ឋចំនួន៨ផ្សេងទៀត រួមមានរដ្ឋ Illinois, Pennsylvania, Mississippi, Washington, Kentucky, New York និង New Jersey ។
តំបន់ ប៉ាស៊ីហ្វិកភាគពាយ័ព្យ និងផ្នែកខ្លះនៃភាគខាងត្បូង បានជួបប្រទះអាកាសធាតុរដូវរងាខ្លាំង ក្នុងអំឡុងសប្តាហ៍មុន ខណៈដែលលំនៅឋាន និងហាងអាជីវកម្ម ជាច្រើន បានប្រើប្រាស់ឧស្ម័នធម្មជាតិក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់កំដៅខ្លួន និងផលិតថាមពល ដោយសារភាពត្រជាក់ខ្លាំង៕

