ចិន ៖ ក្រុមអាជ្ញាធរខេត្ត ហឺណាន (Henan)ភាគកណ្តាលប្រទេសចិន នៅថ្ងៃអាទិត្យ ២១ មករា កំពុងស៊ើបអង្កេតរកមូលហេតុបណ្ដាលឲ្យមានគ្រោះអគ្គិភ័យទាំងយប់ ដែលបានសម្លាប់សិស្សសាលា ១៣ នាក់ ខណៈពួកគេកំពុងលង់លក់ក្នុងសយនដ្ឋាន។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ (Xinhua) បាននិយាយថា គ្រោះអគ្គិភ័យដែលបានកើតឡើងនៅសាលា យីងកៃ (Yingcai) ក្នុងភូមិ យ៉ានសានពូ (Yanshanpu)ត្រូវបានរាយការណ៍ទៅនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់នៅម៉ោង ១១ យប់ម៉ោងក្នុងស្រុកកាលពីថ្ងៃសុក្រ ហើយត្រូវបានពន្លត់ប្រហែល ៤០នាទីក្រោយមក។
សិស្សសាលាចំនួន១៣នាក់បានស្លាប់ក្នុងគ្រោះថ្នាក់នេះ ចំណែកម្នាក់ទៀតរងរបួស ។
សារព័ត៌មាន AFP បានមើលឃើញកងកម្លាំងនគរបាលរាប់សិបនាក់នៅក្នុង និងជុំវិញតំបន់បិទជិតសាលារៀនកាលពីព្រឹកថ្ងៃអាទិត្យ។
មន្ត្រីម្នាក់នៅកន្លែងកើតហេតុបានប្រាប់សារព័ត៌មាន AFP ថា ការស៊ើបអង្កេតកំពុងដំណើរការនៅខាងក្នុងសាលារៀន។ គ្មាននរណាម្នាក់អាចចូលទៅបានទេ ។
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ក្រុមអាជ្ញាធរនៅក្នុងតំបន់កំពុងស៊ើបអង្កេតមូលហេតុនាំឲ្យមានគ្រោះអគ្គិភ័យនេះ ហើយមនុស្សយ៉ាងហោចណាស់ម្នាក់ដែលជាប់ពាក់ព័ន្ធនឹងសាលារៀននេះ ត្រូវបានឃាត់ខ្លួន៕

