ស៊ីរី ៖ ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលទៅលើអគារមួយក្នុងរដ្ឋធានីក្រុងដាម៉ាស់(Damascus) របស់ប្រទេសស៊ីរីកាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្សចំនួន ១០ នាក់ក្នុងនោះមានសមាជិកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ៤ នាក់ ដូចដែលបានរាយការណ៍ដោយប្រភពសន្តិសុខនៅក្នុងសម្ព័ន្ធមិត្តក្នុងតំបន់ គាំទ្រស៊ីរីទៅកាន់សារព័ត៌មាន Reuters ។
ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី លោក Rami Abdel Rahman បានប្រាប់សារព័ត៌មាន AFP ថា ចំនួនអ្នកស្លាប់បានកើនឡើងពី ៦នាក់ ដល់១០នាក់ បន្ទាប់ពីសាកសពដែលនៅតែជាប់នៅក្រោមគំនរបាក់បែកត្រូវបានរកឃើញ។
ប្រភពសន្តិសុខដែលជាផ្នែកមួយនៃបណ្តាញក្រុមជិតស្និទ្ធនឹងរដ្ឋាភិបាលស៊ីរី និងសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនអ៊ីរ៉ង់បានប្រាប់សារព័ត៌មាន Reuters ថា អគារកម្ពស់ច្រើនជាន់នេះ ត្រូវបានប្រើដោយទីប្រឹក្សាអ៊ីរ៉ង់ គាំទ្ររដ្ឋាភិបាលរបស់លោកប្រធានាធិបតី Bashar al-Assad ហើយថា អគារនេះត្រូវបានបាក់រាបដល់ដីទាំងស្រុងដោយសារតែការគោលដៅដោយមីស៊ីលរបស់អ៊ិស្រាអែល។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលឃ្លាំមើលសង្គ្រាម បានអះអាងថា មនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីល។ ការវាយប្រហារនេះបានកើតឡើងក្នុងអំឡុងពេលជួបប្រជុំមន្ត្រីមកពីក្រុមគាំទ្រដោយអ៊ីរ៉ង់។
យោងតាមរបាយការណ៍របស់ទូរទស្សន៍រដ្ឋ ស្រុក Mazzeh ភាគខាងលិចទីក្រុង ដាម៉ាស់ ដែលជាកន្លែងទីតាំងអគារនោះ គឺជាផ្ទះសម្រាប់បេសកកម្មការទូតផ្សេងៗ រួមទាំងស្ថានទូតរបស់ប្រទេសលីបង់ និងអ៊ីរ៉ង់ ផងដែរ៕

