អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានស្វាគមន៍មេដឹកនាំកំពូលអាហ្វហ្គានីស្ថានមកកាន់សេតវិមាន ក្នុងការបង្ហាញការគាំទ្រដល់រដ្ឋាភិបាលរបស់ពួកគេ ក្នុងពេលមានការកើនឡើងអំពើហិង្សាពីក្រុមតាលីបង់ ខណៈសហរដ្ឋអាមេរិកពន្លឿនការដកកងទ័ពរបស់ខ្លួន ដើម្បីបញ្ចប់សង្គ្រាមយូរបំផុតរបស់សហរដ្ឋអាមេរិក។

លោក Biden បានទទូចថា ភាពជាដៃគូរវាងប្រទេសអាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិកមិនទាន់បញ្ចប់ទេ។ វានឹងមាននិរន្តរភាព ហើយអ្នកដឹងហើយថា កងទ័ពរបស់យើងអាចនឹងចាកចេញ ប៉ុន្តែការគាំទ្រសម្រាប់ប្រទេសអាហ្វហ្គានីស្ថានមិនត្រូវបានបញ្ចប់ឡើយ។ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បាននិយាយថា ការសម្រេចចិត្តរបស់ប្រធានាធិបតី Biden មានលក្ខណៈជាប្រវត្តិសាស្ត្រ។ យើងមកទីនេះដើម្បីគោរព និងគាំទ្រការសម្រេចចិត្តនេះ។ លោក Ghani និងលោក Abdullah Abdullah ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់សម្រាប់ការផ្សះផ្សាជាតិ បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin នៅមន្ទីរបញ្ចកោណមុនពេលជួបជាមួយ លោក Biden នៅសេតវិមាន។ លោក Ghani បានជួបជាមួយសភាតំណាងរាស្ត្រ លោកស្រី Nancy Pelosi និងជួបជាមួយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋផងដែរ។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំអាហ្វហ្គានីស្ថានទៅកាន់ទីក្រុងវ៉ាស៊ីនតោន ធ្វើឡើងនៅពេលរដ្ឋបាល លោក Biden កំពុងបង្កើនផែនការដកកងទ័ព មុនថ្ងៃផុតកំណត់របស់ប្រធានាធិបតីនៅថ្ងៃទី១១ ខែកញ្ញា ដើម្បីបញ្ចប់សង្គ្រាមដែលមានអាយុកាលជិត ២០ឆ្នាំដែលបាននាំមកនូវការចំណាយដ៏ច្រើន។ យោងតាមក្រសួងការពារជាតិបានឲ្យដឹងថា កងទ័ពសហរដ្ឋអាមេរិកច្រើនជាង ២.៤០០នាក់ត្រូវបានសម្លាប់ និង ២០.០០០នាក់បានរងរបួសនៅក្នុងសង្គ្រាមចាប់តាំងពីឆ្នាំ២០០១។ ការរងទុក្ខកាន់តែធ្ងន់ធ្ងរសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ដោយការប៉ាន់ស្មានបង្ហាញថា ទាហានអាហ្វហ្គានីស្ថានជាង ៦៦.០០០នាក់ត្រូវបានសម្លាប់ និងជាង ២,៧លាននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ ដែលភាគច្រើនទៅកាន់ប្រទេសអ៊ីរ៉ង់។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មាន The Associated Press ថា កងទ័ពសហរដ្ឋអាមេរិកប្រមាណ ៦៥០នាក់នឹងនៅតែស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីផ្ដល់សន្តិសុខដល់ក្រុមអ្នកការទូត បន្ទាប់ពីកម្លាំងយោធាអាមេរិកដ៏ច្រើនបានបញ្ចប់ការដកទ័ពរបស់ខ្លួន ដែលគ្រោងនឹងធ្វើនៅក្នុងរយៈពេល ២សប្ដាហ៍ទៀត៕
អត្ថបទ៖ ប៊ុនថន