យោងតាមផេកហ្វេសបុករបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំងរាជធានីភ្នំពេញ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានទទួលព្រះរាជអំណោយដ៏មហាថ្លៃថ្លាបំផុតពីសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នូវទឹកប្រាក់ ចំនួន ៥០.០០០ (ប្រាំម៉ឺន) ដុល្លារអាមេរិក ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)។
នៅក្នុងសំណេរនេះឯកឧត្តម ហេង រតនា ក៏សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយនូវសេចក្ដីថ្លែងអំណរព្រះមហារករុណាទិគុណ និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាបំផុតចំនួន ៥០.០០០ (ប្រាំម៉ឺន)ដុល្លារអាមេរិក ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុរបស់ខ្លួន។
ឯកឧត្តម ហេង រតនា បានបន្តថា ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាពេលនេះ ក៏ដូចជាពេលកន្លងមក ទាំងព្រះរាជអំណាយជាថវិកា និងជាសម្ភារៈ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជាពិសេសបានបង្ហាញពីព្រះរាជហឬទ័យទុកដាក់ខ្ពស់បំផុតដល់កងកម្លាំងដោះមីនទាំងអស់របស់អង្គភាព CMAC ដែលកំពុងបំពេញកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។
ឯកឧត្តម ហេង រតនា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា សូមលំឱនកាយលើកអញ្ជលីប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ និងព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយបីបាច់តាមថែរក្សា និងប្រោះព្រំព្រះសព្វសាធុការពរ បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះរាជបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជានុរាស្រ្ដខ្មែរជាកូនជាចៅ រស់នៅប្រកបដោយសុខសន្ដិភាព និងវឌ្ឍនភាពជានិរន្ដន៍តរៀងទៅ៕ អត្ថបទ៖ ភារម្យ