ក្រុមគ្រួសារនៃចំណាប់ថ្នូរ និងអ្នកគាំទ្ររបស់ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ធានាឲ្យមានការដោះលែងចំណាប់ថ្នូរក្នុងអំឡុងពេលនៃការតវ៉ាមួយកាលពីថ្ងៃអាទិត្យ (២១ មករា) នៅខាងក្រៅនិវេសនដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងទីក្រុងហ្សេរុយសាឡឹម។

ស្របពេលមានសេចក្តីរាយការណ៍អំពីលទ្ធភាពនៃការបន្តកិច្ចព្រមព្រៀងចំណាប់ថ្នូរដោយប្រទេសកាតា និងអេហ្ស៊ីប គ្រួសារចំណាប់ថ្នូររបស់ក្រុមហាម៉ាស រួមជាមួយនឹងក្រុមគ្រួសារនៃចំណាប់ថ្នូរដែលត្រូវបានសម្លាប់បានប្រមូលផ្តុំគ្នានៅទីនោះដើម្បីទាមទារឱ្យមានការវិលត្រឡប់មកវិញជាបន្ទាន់នូវមនុស្សជាទីស្រលាញ់របស់ពួកគេ។

ចំណាប់ថ្នូរជាង ១០០នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស នៅថ្ងៃទី០៧ ខែតុលា ត្រូវបានដោះលែងក្នុងអំឡុងពេលបទឈប់បាញ់ខែវិច្ឆិកា រយៈពេលខ្លីមួយ។ អ៊ីស្រាអែលនិយាយថា មនុស្ស ១៣២នាក់ នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា ក្នុងនោះមានមនុស្ស ២៧នាក់ ត្រូវបានសម្លាប់ក្នុងការចាប់ខ្លួន។
លោក ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យ (២១ មករា) បានច្រានចោលលក្ខខណ្ឌដែលបង្ហាញដោយក្រុមហាម៉ាស ដើម្បីបញ្ចប់សង្គ្រាម និងដោះលែងចំណាប់ថ្នូរដែលនឹងរួមបញ្ចូលការដកខ្លួនទាំងស្រុងរបស់អ៊ីស្រាអែល និងទុកឲ្យក្រុមហាម៉ាស នៅកាន់អំណាចនៅក្នុងតំបន់ហ្កាហ្សា៕