ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា ប្រទេសចិននៅតែប្ដេជ្ញាចិត្តយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងលើការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិដោយមានកងទ័ព និងនគរបាលចិនជាង ២.៤០០នាក់បច្ចុប្បន្នកំពុងបំពេញបេសកកម្មផ្សេងៗ។

នៅក្នុងកិច្ចប្រជុំមួយដើម្បីប្រារព្ធខួបលើកទី៥០ របស់សាធារណរដ្ឋប្រជាមានិតចិន ចូលទៅក្នុងអង្គការសហប្រជាជាតិ លោក វ៉ាង យី បាននិយាយថា ប្រទេសចិនធ្វើបានល្អនូវការសន្យារបស់ខ្លួន ក្នុងការបង្កើតកងកម្លាំងរក្សាសន្តិភាពប្រចាំការចំនួន ៨.០០០នាក់ និងមន្ត្រីនគរបាលចំនួន ៣០០នាក់ដែលត្រៀមបញ្ជូនចេញ នៅពេលណាមួយដែលចាំបាច់ត្រូវការការពារសន្តិភាព។ សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានទទួលយកចូលទៅក្នុងស្ថាប័នពិភពលោក នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៧១ ដោយមានការគាំទ្រពីប្រទេសកំពុងអភិវឌ្ឍន៍ និងប្លុកសូវៀត។ លោក វ៉ាង យី បាននិយាយថា ប្រទេសចិនបញ្ជូនកងរក្សាសន្តិភាពទៅក្នុងវិស័យនេះ ច្រើនជាងសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ដទៃទៀត ហើយបានផ្តល់ថវិកាចំនួនច្រើនបំផុតទី២ សម្រាប់ប្រតិបត្តិការនេះបន្ទាប់ពីសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះប្រទេសចិនបានបដិសេធចំពោះអំណាចវាតទីនិយម ទោះបើជាប្រទេសនេះបានរក្សាការអះអាងរបស់ខ្លួននូវទឹកដីនៅសមុទ្រចិនខាងត្បូង ជាមួយនឹងការសាងសង់កោះសិប្បនិម្មិត ការប្រយុទ្ធគ្នានៅតាមព្រំដែនជាមួយប្រទេសឥណ្ឌា និងការប្តេជ្ញាយកកោះតៃវ៉ាន់ និងការយកមកគ្រប់គ្រងកោះនៅសមុទ្រចិនខាងកើត ដែលកាន់កាប់ដោយប្រទេសជប៉ុនក៏ដោយ។ ខណៈដែលប្រទេសចិនអាចប្រមូលបានការគាំទ្រ យ៉ាងទូលំទូលាយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត បានបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង ចំពោះឥទ្ធិពលរបស់ប្រទេសចិននៅអង្គការសហប្រជាជាតិ ជាពិសេសក្នុងការរិះគន់ការធ្វើឲ្យស្ងប់ស្ងាត់ នៃកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន និងគ្រប់គ្រងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោក ក្នុងការស៊ើបអង្កេតប្រភពដើមនៃជំងឺរាតត្បាត COVID-19៕
អត្ថបទ៖ ប៊ុនថន