រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា រាជាណាចក្រនេះមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» ដែលភាពតានតឹងនៅសមុទ្រក្រហម ស្របពេលមានការវាយប្រហារដោយក្រុមហ៊ូទី (Houthi) របស់យេម៉ែន និងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើគោលដៅក្រុមហ៊ូទី អាចរំកិលចេញពីការគ្រប់គ្រង និងបង្កើនជម្លោះកាន់តែខ្លាំងនៅក្នុងតំបន់។

ព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីនហ្វាហាន (Faisal bin Farhan) បានមានបន្ទូលប្រាប់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍ដែលនៅថ្ងៃអាទិត្យ (២១ មករា) ថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង។ យើងកំពុងស្ថិតនៅក្នុងពេលវេលាដ៏លំបាក និងគ្រោះថ្នាក់រួចទៅហើយនៅក្នុងតំបន់ ហើយនោះហើយជាមូលហេតុដែលយើងកំពុងអំពាវនាវឱ្យមានការបន្ធូរបន្ថយការកើនឡើងនៃភាពតានតឹងបន្ថែមទៀត»។

ការវាយប្រហារដោយកងជីវពលហ៊ូទី ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ទៅលើនាវាក្នុង និងជុំវិញសមុទ្រក្រហមក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ បានធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរវាងអាស៊ី និងអឺរ៉ុប បង្កជាភាពយឺតយ៉ាវ និងធ្វើឱ្យប្រទេសមហាអំណាចព្រួយបារម្ភនៅក្នុងការកើនឡើងនៃសង្គ្រាមនៅតំបន់ហ្កាហ្សា។

ក្រុមហ៊ូទី ដែលគ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន បាននិយាយថា ការវាយប្រហាររបស់ពួកគេគឺនៅក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន ដែលកំពុងស្ថិតក្រោមការវាយប្រហារពីអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ ចាប់តាំងពីសប្តាហ៍មុនមក សហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារដោយបើកផ្ទាំងថ្មីលើគោលដៅក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន ហើយសប្តាហ៍នេះ បានដាក់កងជីវពលមួយនេះទៅក្នុងបញ្ជីក្រុម «ភេរវករ»៕