សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹក និងប្រាប់ដល់កងទ័ពនៃកងយោធពលខេមរភូមិន្ទទាំងអស់ គប្បីត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមរាល់វិធានការទប់ស្កាត់មហិច្ឆតារបស់ ជនក្បត់ជាតិ និងបញ្ហាសកលដូចការបញ្ហាអំពើរភេរវកម្មជាដើម។

តាមរយៈសារលិខិតជូនពរ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងឱកាស ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក(២៤មករា ១៩៩៩-២៤មករា ២០២៤) សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «បើទោះជាបច្ចុប្បន្ន យើងកំពុងមានមោទនភាព ចំពោះស្នាដៃ និងសមិទ្ធផលជាច្រើន ដែលសម្រេចបានមកហើយ យ៉ាងណាក្តី ប៉ុន្តែយើងទាំងអស់គ្នាសុទ្ធតែបានជ្រួតជ្រាបថា ឆ្នាំ២០២៤នេះ បើទោះបីកម្ពុជាទទួលរងឥទ្ធិពលតិចតួច ឬដោយប្រយោលពីស្ថានការណ៍អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ហាអំពើរភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ នៅជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់ គួបផ្សំនឹងការផុយស្រួយដែលបង្កឡើងដោយការវិវត្តប្រែប្រួលនៃសភាពការណ៍អន្តរជាតិ ការប្រកួតប្រជែកផ្នែកភូមិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆតារបស់ ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច ដែលចាំបាច់ទាមទារឲ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ»។
តាមរយៈសារលិខិតនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានថ្លែង កោតសរសើរ ដល់កងទ័ព ទាំងអស់ ជាពិសេសកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលិកម្មយ៉ាងធំធេង ដើម្បីជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាជន ក្នុងខណៈពេលដែលប្រទេសមួយចំនួនក្នុងពិភពលោកកំពុងប្រឈម និងរងគ្រោះដោយសារសង្រ្គាម អំពើភេរវកម្ម និងព្រឹត្តិការណ៍អន្តិសុខផ្សេងៗទៀតជាដើម។
សម្តេចបានបន្ថែមទៀតថា គ្រប់ស្នាដៃ និងសមិទ្ធផលជាច្រើនដែលកងទ័ពជើងគោក សម្រេច បាននាពេលកន្លងមកនេះ គឺពិតជាមិនអាចធ្វើបាននោះទេ ប្រសិនជាមិនមានការចូលរួមចំណែកពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យោធិនគ្រប់រូប ក្នុងការបំពេញភារកិច្ច ប្រកបដោយភាពអង់អាចក្លាហាន មោះមុត វិន័យម៉ឺងម៉ាត់ និងការប្តេជ្ញាទទួលខុសត្រូវនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពនោះ៕ អត្ថបទ៖ បាន ចក់
