អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) កាលពីថ្ងៃអាទិត្យ (២១ មករា) បានថ្កោលទោសអ៊ីស្រាអែល ចំពោះការស្លាប់ដ៏គួរឱ្យសោកសៅរបស់ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ហើយបានហៅការសម្លាប់នោះថាជារឿងមិនអាចទទួលយកបានក្នុងការទាមទារភាពជារដ្ឋសម្រាប់ប្រជាជនប៉ាឡេស្ទីន។

លោក ហ្គុយតឺរ៉េស បាននិយាយនៅឯពិធីបើកកិច្ចប្រជុំកំពូលនៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១៣៥ប្រទេស ឬហៅថាកិច្ចប្រជុំក្រុម៧៧ បូកចិន (G77+China) នៅរដ្ឋធានីកំប៉ាឡា (Kampala) របស់ប្រទេសអ៊ូហ្កង់ដា ថា «ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល បានរីករាលដាលហើយបង្កនូវការបំផ្លិចបំផ្លាញដ៏ធំ និងបានសម្លាប់ជនស៊ីវិលក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក ក្នុងអំឡុងពេលដែលខ្ញុំធ្វើជាអគ្គលេខាធិការ ហើយនេះជារឿងដ៏សោកសៅ និងមិនអាចទទួលយកបានទាល់តែសោះ»។

អ៊ីស្រាអែលបានបើកការវាយលុករបស់ខ្លួននៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា ដែលក្នុងនោះមន្ត្រីអ៊ីស្រាអែលបាននិយាយថា ជនជាតិអ៊ីស្រាអែល និងជនបរទេសជាង ១.២០០នាក់ត្រូវបានសម្លាប់ និងមនុស្ស ២៤០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។

យោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា បានឲ្យដឹងកាលពីថ្ងៃអាទិត្យ (២១ មករា) ថាយុទ្ធនាការយោធារបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៥.០០០នាក់ និងបានជម្លៀសប្រជាជនភាគច្រើនចំនួន ២,៣លាននាក់ ចេញពីលំនៅឋានរបស់ពួកគេ៕