គូប្រជែងដណ្ដើមតំណែងប្រធានាធិបតីអាមេរិកលោក Ron DeSantis ដែលធ្លាប់ត្រូវបានគេមើលឃើញថាជាបុគ្គលដ៏សក្ដិសមបំផុតរបស់គណបក្សសាធារណរដ្ឋក្នុងកាប្រកួតប្រជែងជាមួយលោក Donald Trump បានទម្លាក់ចោលការប្រណាំងប្រជែងបឋមកាលពីថ្ងៃអាទិត្យ ទី២១ មករា ជាការដកខ្លួនដំបូងដែលបង្ហាញសក្ដានុពលកាន់តែខ្លាំង សម្រាប់អតីតប្រធានាធិបតរូបនេះ នៅក្នុងគណបក្សនេះ។

លោក DeSantis វ័យ៤៥ ឆ្នាំបានគាំទ្រ លោក Trump នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ។

លោក DeSantis ត្រូវគេមើលឃើញយ៉ាងទូលំទូលាយថាជាអ្នកប្រកួតប្រជែងដ៏សំខាន់បំផុតសម្រាប់ការតែងតាំងក្នុងគណបក្សសាធារណរដ្ឋឆ្នាំ២០២៤នេះ និងជាអ្នកស្នងតំណែងបន្តពីលោក Trump ដោយសារតែរបៀបប្រយុទ្ធ និងទស្សនៈអភិរក្សយ៉ាងជ្រាលជ្រៅរបស់លោក។កាលពីដើមឆ្នាំ២០២៣ លោកបាននាំមុខក្នុងការស្ទង់មតិទល់នឹងលោក Trump ។

ប៉ុន្តែការគាំទ្ររបស់អភិបាលរដ្ឋផ្លរីដារូបនេះ បាននឹងកំពុងធ្លាក់ចុះអស់រយៈពេលជាច្រើនខែ ដោយសារយុទ្ធសាស្ត្រយុទ្ធនាការមានកំហុស ដែលទំនងជាខ្វះភាពងាយស្រួលជាមួយអ្នកបោះឆ្នោតនៅលើផ្លូវនៃយុទ្ធនាការ ហើយរហូតមកដល់ពេលនេះ ជំហរមិនអាចរង្គោះរង្គើរបស់លោក Trump បានយកឈ្នះការគាំទ្រភាគច្រើនរបស់គណបក្សនេះ។
ការបញ្ចប់ការប្រកួតប្រជែងរបស់លោក DeSantis មានន័យថា អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley ឥឡូវនេះគឺជាសមាជិកគណបក្សសាធារណរដ្ឋចុងក្រោយក្នុងការប្រជែងជាមួយលោក Trump ។ អ្នកឈ្នះការប្រកួតជ្រើសរើសបេក្ខជនមកពីគណបក្សសាធារណរដ្ឋ នឹងត្រូវជួបលោកប្រធានាធិបតី Joe Biden ដែលជាបេក្ខភាពគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតសកលនៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤នេះ៕