ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានការពារវិធានការរបស់ខ្លួនក្នុងការពង្រឹងសមត្ថភាពយោធា ដែលជាការអនុវត្តត្រឹមត្រូវនៃសិទ្ធិអធិបតេយ្យប្រឆាំងនឹងការប្រឈមមុខដាក់គ្នាដោយយោធាដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន នៅឯកិច្ចប្រជុំកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM)ក្នុងប្រទេសអ៊ូហ្គង់ដា។

ប្រទេសកូរ៉េខាងជើង បានអះអាងថា ថ្មីៗនេះ ខ្លួនបានធ្វើការសាកល្បងយានដ្រូនប្រហារនុយក្លេអ៊ែរក្រោមទឹក ដែលមានឈ្មោះថា Haeil-5-23 នៅសមុទ្រខាងកើត ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធកងទ័ពជើងទឹកចុងក្រោយបង្អស់ ដែលមានការចូលរួមពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន។ សមយុទ្ធនេះ បានកើតឡើង បន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទិកលឿនជាងសំឡេងប្រើថាមពឡឥន្ធនៈរឹង កាលពីថ្ងៃទី ១៤ ខែមករា។

ប្រធានប្រតិភូកូរ៉េខាងជើង លោក Kim Son-kyong បាននិយាយថា ប្រទេសរបស់ខ្លួន បាននិងកំពុងពង្រឹងសមត្ថភាពការពារជាតិ ដើម្បីឆ្លើយតបទៅនឹង «ចលនាយោធាដ៏គ្រោះថ្នាក់» របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ហើយចំណាត់ការនេះ គឺជាការអនុវត្តត្រឹមត្រូវនៃសិទ្ធិអធិបតេយ្យភាពរបស់ប្រទេស។

លោក Kim Son-kyong បានអះអាងនៅក្នុងកិច្ចប្រជុំកំពូល NAM ដែលធ្វើឡើង នៅចន្លោះថ្ងៃសុក្រ និងថ្ងៃសៅរ៍ នៅទីក្រុងKampalaថា៖«បាតុភូតដែលសិទ្ធិរបស់ប្រទេសអធិបតេយ្យភាព ក្នុងឯករាជ្យភាព ជីវិត និងការអភិវឌ្ឍ កំពុងត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ គឺផ្តោតទៅលើឧបទ្វីបកូរ៉េ»។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងទទួលបន្ទុកអង្គការអន្តរជាតិ បាននិយាយថា ការតស៊ូរបស់កូរ៉េខាងជើង ដើម្បីការពារសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន ត្រូវនឹងមនោគមន៍វិជ្ជារបស់ NAM ដែលបដិសេធរាលទម្រង់នៃការរំលោភលើសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសមួយ និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង នេះបើយោងតាមសារព័ត៌មានKCNA។