អង្គការឃ្លាំមើលសង្គ្រាមបាននិយាយកាលពីថ្ងៃអាទិត្យថា មានការវាយប្រហារលើរដ្ឋធានីដាម៉ាស់ ( Damascus)របស់ប្រទេសស៊ីរី ដាក់គោលដៅលើប្រធានចារកម្មស៊ីរីរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ហើយបានស្តីបន្ទោសទៅលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១៣ នាក់ ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី តាមដានការវាយប្រហារកាលពីថ្ងៃសៅរ៍ បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣ នាក់។
កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានបញ្ជាក់ថា ខ្លួនបានបាត់បង់សមាជិកចំនួន៥នាក់នៅក្នុងការវាយប្រហារដែលខ្លួនបានស្តីបន្ទោសលើអ៊ីស្រាអែល ដែលជាសត្រូវក្នុងតំបន់របស់ខ្លួន។
ក្រុមឃ្លាំមើលស្ថានភាពសង្រ្គាមមានមូលដ្ឋាននៅចក្រភពអង់គ្លេសដែលមានបណ្តាញប្រភពជាច្រើននៅក្នុងប្រទេសស៊ីរីបាននិយាយថាអ្នកស្លាប់រួមមាន ជនជាតិអ៊ីរ៉ង់៥នាក់រួមទាំងមេដឹកនាំកងឆ្មាំបដិវត្តន៍អ៊ីស្លាម ៣នាក់ ជនជាតិស៊ីរី ៤ នាក់ដែលធ្វើការជាមួយអ៊ីរ៉ង់ ជនស៊ីវិលស៊ីរីម្នាក់ លីបង់ពីរនាក់ និងជនជាតិអ៊ីរ៉ាក់ម្នាក់។
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ម៉េ (Mehr) ដែលដកស្រង់ប្រភពព័ត៌មានគ្មានការបញ្ជាក់មួយបាននិយាយថា ប្រធានសន្តិសុខស៊ីរីរបស់ឆ្មាំបដិវត្តន៍ និងអនុប្រធានរបស់លោកគឺស្ថិតក្នុងចំណោមអ្នក ស្លាប់ពីការវាយប្រហារលើប្រទេសស៊ីរី ដោយអ៊ីស្រាអែល។
ក្រុមអ្នកតាមដានស្ថានការណ៍ក្នុងប្រទេសស៊ីរីបាននិយាយថា អគារដែលត្រូវបានដាក់គោលដៅ គឺជាកម្មសិទ្ធិរបស់ឆ្មាំបដិវត្តន៍ ហើយថាតំបន់នេះត្រូវបានគេដឹងថាជាតំបន់មានការយាមកាមសន្តិសុខយ៉ាងតឹងរ៉ឹងសម្រាប់មេដឹកនាំនៃ ឆ្មាំបដិវត្តន៍ IRGC និងក្រុមប៉ាឡេស្ទីនដែលគាំទ្រដោយអ៊ីរ៉ង់។
កាលពីខែធ្នូកន្លងទៅ ការវាយប្រហារតាមអាកាសក៏បានស្តីបន្ទោសទៅលើអ៊ីស្រាអែល បានសម្លាប់ឧត្តមសេនីយអ៊ីរ៉ង់ម្នាក់នៅក្នុងប្រទេសស៊ីរីផងដែរ៕