អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញបាឡុងរបស់ចិនចំនួន ៦គ្រឿងទៀតដែលហោះហើរលើច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអាទិត្យ (២១ មករា) ដែលមួយក្នុងចំណោមនោះបានឆ្លងកាត់លើកោះនេះ ហើយនោះជាភាពតានតឹងចុងក្រោយបំផុតនៅក្នុងបញ្ហាបាឡុងបែបនេះ ដែលអាជ្ញាធរការពារជាតិនិយាយថាបានមើលឃើញក្នុងរយៈពេលមួយខែកន្លះកន្លងមកនេះ។

នៅដើមខែនេះ អាជ្ញាធរតៃវ៉ាន់នៅក្នុងសេចក្តីថ្លែងការណ៍ដែលប្រើពាក្យពេចន៍ដ៏ខ្លាំងក្លាមួយ បានចោទប្រកាន់ប្រទេសចិនពីការគំរាមកំហែងសុវត្ថិភាពអាកាសចរណ៍ និងធ្វើសង្គ្រាមចិត្តសាស្ត្រលើប្រជាជននៅលើកោះនេះជាមួយនឹងការបង្ហោះបាឡុង នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតកោះតៃវ៉ាន់ កាលពីថ្ងៃទី១៣ ខែមករា។
លទ្ធភាពដែលប្រទេសចិន ប្រើប្រាស់បាឡុងសម្រាប់ចារកម្មបានក្លាយជាបញ្ហាសកលកាលពីខែកុម្ភៈ ឆ្នាំមុន នៅពេលដែលសហរដ្ឋអាមេរិកបានបាញ់ទម្លាក់នូវអ្វីដែលខ្លួនបាននិយាយថាជាបាឡុងឃ្លាំមើលរបស់ចិន ប៉ុន្តែប្រទេសចិនបាននិយាយថា បាឡុងនោះជាយានស៊ីវិលដែលបានរសាត់ដោយចៃដន្យប៉ុណ្ណោះ។
នៅក្នុងឧបទ្ទវហេតុចុងក្រោយបំផុតដែលត្រូវបានបង្ហាញដោយអាជ្ញាធរតៃវ៉ាន់នៅថ្ងៃចន្ទ (២២ មករា) នេះនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនស្តីពីសកម្មភាពយោធារបស់ចិនក្នុងរយៈពេល ២៤ម៉ោងកន្លងមក បាននិយាយថា បាឡុងងចំនួន ៦គ្រឿង បានហោះកាត់ខ្សែបន្ទាត់មេដ្យានដ៏រសើបរបស់ច្រកសមុទ្រកាលពីថ្ងៃអាទិត្យ។ ទោះជាយ៉ាងណាក៏ដោយ មានតែបាឡុងមួយប៉ុណ្ណោះដែលឆ្លងកាត់កោះតៃវ៉ាន់ នៅចុងភាគខាងត្បូងរបស់កោះស្វ័យគ្រប់គ្រងនេះ៕