ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យលោក អែលឌីរ ជីវិនឡាន (ELDER DALE G.RENLUND) ថ្នាក់ដឹកនាំជាន់ខ្ពស់សាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៅសហរដ្ឋអាមេរិក(LDS) ដឹកនាំគ្រីស្ទបរិស័ទថ្ងៃចុងក្រោយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង។

លោក អែលឌីរ ជីវិនឡាន (ELDER DALE G.RENLUND) បានសម្តែងនៅការអរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែសហការ និងផ្តល់ការទុកចិត្ត ឲ្យវត្តមានសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៅសហរដ្ឋអាមេរិក(LDS) ដឹកនាំគ្រីស្ទបរិស័ទថ្ងៃចុងក្រោយ ធ្វើការយ៉ាងសកម្មជាមួយក្រសួងធម្មការ និងសាសនា ចាប់តាំងពីអាណត្តិទី៤ រហូតដល់អាណត្តិទី៧ថ្មីនេះ។ ជាមួយគ្នានេះ លោក បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីការងារសំខាន់ៗចំនួន៣ ដែលក្រុមការងាររបស់សាសនាចក្រ ធ្វើការកន្លងមកនៅព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់ទៅលើការអប់រំ សុខាភិបាល និងទឹកស្អាតជាដើម។

ជាការឆ្លើយតបឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រយ៉ាងពេញទំហឹងជាមួយការងារមនុស្សធម៌ របស់សាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៅសហរដ្ឋអាមេរិក ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសបានសហការយ៉ាងជិតស្និតជាមួយក្រសួងធម្មការ និងសាសនា នៅក្នុងវិស័យអាទិភាពសំខាន់ចំនួន៣គឺ ការអប់រំ សុខាភិបាល និងទឹកស្អាត ដែលបានចំណាយទឹកប្រាក់អស់ប្រមាណ២២លានដុល្លារសហរដ្ឋអាមេរិក។

នាឱកាសនោះឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា សង្ឃឹមថា លោក អែលឌីរ ជីវិនឡាន (ELDER DALE G.RENLUND) និងពិចារណាជួយលើវិស័យអប់រំ សុខាភិបាល និងទឹកស្អាត នៅក្នុងមូលដ្ឋានស្រុកតំបែរ ស្រុកក្រូចឆ្មា និងស្រុកមេមុត ខេត្តត្បូងឃ្មុំ ដែលជាទីតាំងប្រវត្តិសាស្រ្ត របស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការដណ្តើមសេរីភាព និងសន្តិភាពជូនប្រជាជនកម្ពុជា ទៅតាមលទ្ធភាព ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៏ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធម្មការ និងសាសនា។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ចាយ បូរិន សូមជូនពរលោក អែលឌីរ ជីវិនឡាន (ELDER DALE G.RENLUND) និងគណៈប្រតិភូសាសនាចក្រ ដែលបានអញ្ជើញមកពីសហរដ្ឋអាមេរិក ទទួលបាននៅសុវត្ថិភាពក្នុងការធ្វើដំណើរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច លើគ្រប់រូបភាពមនុស្សធម៌ផ្សេងៗ ជាមួយប្រជាជនកម្ពុជា ពិសេសសូមស្វាគមន៍យ៉ាងកក់ក្តៅនៅការវិលត្រលប់ជាថ្មីម្តងទៀតរបស់លោក និងគណៈប្រតិភូសាសនាចក្រមកលើទឹកដីកម្ពុជា៕ អត្ថបទ៖ រដ្ឋា


