ក្រុមមេបញ្ជាការមកពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងក្រុមឧទ្ទាមហេសបូឡា (Hezbollah) របស់ប្រទេសលីបង់ កំពុងនៅលើទឹកដីក្នុងប្រទេសយេម៉ែន ជួយដឹកនាំ និងត្រួតពិនិត្យការវាយប្រហាររបស់ក្រុមហ៊ូទី (Houthi) លើការដឹកជញ្ជូនសមុទ្រក្រហម នេះបើយោងតាមប្រភពក្នុងតំបន់ចំនួនបួន និងប្រភពចំនួនពីររបស់អ៊ីរ៉ង់បានប្រាប់សារព័ត៌មានរ៉យទ័រ។

ប្រភពក្នុងតំបន់ទាំងបួននោះបាននិយាយថា អ៊ីរ៉ង់ ដែលបានបំពាក់អាវុធ បណ្តុះបណ្តាល និងផ្តល់មូលនិធិដល់ពួកហ៊ូទី បានបង្កើនការផ្គត់ផ្គង់អាវុធរបស់ខ្លួនដល់កងជីវពលមួយនេះ បន្ទាប់ពីសង្គ្រាមនៅតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងបន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស ដែលគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា។

ប្រភពដដែលនោះបាននិយាយថា ទីក្រុងតេអេរ៉ង់ បានផ្តល់យានដ្រូន មីស៊ីលប្រឆាំងនាវា មីស៊ីលបាលិស្ទិកវាយប្រហារដោយភាពជាក់លាក់ និងមីស៊ីលរយៈចម្ងាយមធ្យមដល់ក្រុមហ៊ូទី ដែលបានចាប់ផ្តើមកំណត់គោលដៅលើនាវាពាណិជ្ជកម្មកាលពីខែវិច្ឆិកា ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។

ទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីខែមុនថា អ៊ីរ៉ង់បានចូលរួមយ៉ាងស៊ីជម្រៅក្នុងការធ្វើផែនការប្រតិបត្តិការប្រឆាំងនឹងការដឹកជញ្ជូននៅក្នុងសមុទ្រក្រហម ហើយថាការស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់មានសារៈសំខាន់ក្នុងការធ្វើឱ្យក្រុមហ៊ូទី កំណត់គោលដៅលើនាវា៕