លោក ដូណាល់ ត្រាំ (Donald Trump) បានទុកចោលការរិះគន់ និងការចំអកជាច្រើនខែលើលោក រ៉ន ដឺសេនធីស (Ron DeSantis) មួយឡែកកាលពីយប់ថ្ងៃអាទិត្យ (២១ មករា) ហើយបានប្រារព្ធពិធីអបអរសាទរគូប្រជែងមកពីគណបក្សសាធារណរដ្ឋរូបនេះ ដែលបានក្លាយជាអ្នកគាំទ្រថ្មីបំផុតរបស់លោក បន្ទាប់ពីលោកអភិបាលរដ្ឋ ហ្វ្លរីដា (Florida) រូបនេះបានបញ្ចប់យុទ្ធនាការប្រធានាធិបតីរបស់ខ្លួន និងងាកទៅគាំទ្រអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

សម្រាប់លោក ត្រាំ ការអបអរនេះបានក្លាយជាពិធីដដែលៗក្នុងការស្វាគមន៍ការគាំទ្រពីនរណាម្នាក់ដែលធ្លាប់ព្យាយាមយកឈ្នះលោក។ ទោះជាយ៉ាងណាក៏ដោយ នេះជារឿងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងការប្រមូលផ្តុំកាលពីថ្ងៃអាទិត្យនៅរដ្ឋ ញ៉ូវ ហែមសៀរ (New Hampshire) ក្នុងការមើលឃើញលោក ត្រាំ សរសើរលោក ដឺសេនធីស ដោយមិនហៅលោកថា «មនុស្សអត្មានិយម» ឬ «មនុស្សគិតតែពីខ្លួនឯង» ដែលនោះបានបញ្ចប់ការប្រជែងគ្នាដ៏ជូរចត់បំផុតនៃយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ របស់គណបក្សសាធារណរដ្ឋ។

លោក ត្រាំ បាននិយាយនៅក្នុងសុន្ទរកថារបស់ខ្លួនថា «ខ្ញុំចង់អរគុណដល់លោក រ៉ន និងអបអរសាទរលោកដែលធ្វើបានល្អខ្លាំងណាស់ក្នុងការគាំទ្រខ្ញុំ ហើយខ្ញុំពេញចិត្តណាស់ និងទន្ទឹងរង់ចាំធ្វើការជាមួយលោក រ៉ន ព្រោះលោកជា «មនុស្សដ៏អស្ចារ្យ» ម្នាក់។
កាលពីព្រឹកថ្ងៃដដែលនោះ លោក ដឺសេនធីស បាននិយាយតាមរយៈវីដេអូថា លោកនឹងបញ្ចប់យុទ្ធនាការរបស់ខ្លួន រយៈពេលពីរថ្ងៃមុនការបោះឆ្នោតបឋមរបស់បក្សសាធារណរដ្ឋដំបូងបង្អស់របស់រដ្ឋ ញ៉ូវ ហែមសៀរ ប៉ុន្តែការរីករាយរបស់លោក ត្រាំ កាលពីរាត្រីថ្ងៃអាទិត្យចំពោះការបោះបង់របស់លោក ដឺសេនធីស មិនមែនជាការគាំទ្រដ៏កក់ក្តៅបំផុតនោះទេ៕