ក្រសួងព័ត៌មាន និងខេត្តសៀមរាប បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ឆ្នាំ២០២៤ ដែលការប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបមានកំណើនដល់ចំនួន ៩៤.៦៦%។
ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ ក្រសួងព័ត៌មាន និងខេត្តសៀមរាប បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងស្រុង ១០០%។

អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា សម្រាប់វឌ្ឍនភាព គិតត្រឹមដើមសប្ដាហ៍ទី៤ នេះ ការមកប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅទូទាំងប្រទេស ដែលបានបញ្ចប់ការប្រកាស ១០០% មានក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត សរុបចំនួន ៣៣។ តាមតុល្យការក្នុងដើមសប្ដាហ៍ទី៤ នេះ ឃើញថា ការបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលមានកំណើន ២៣ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ដោយធៀបនឹងសប្ដាហ៍ទី១ គឺមានតែ១០ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត តែប៉ុណ្ណោះ ដែលបានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ១០០%។

ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលទិន្នន័យជាបឋម គិតត្រឹមព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ បានចំនួន ៩៤.៦៦% នៃចំនួនបុគ្គលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១៨,២៧៩ រូប។

សូមបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស០៧ថ្ងៃ ក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ និងចាប់ពីម៉ោង០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







