ក្រុមបាតុកររាប់ពាន់នាក់ រួមទាំងពលករបរទេសដែលគ្មានឯកសារ បានមកតវ៉ានៅជិតប៉ម Eiffel Towerកាលពីថ្ងៃអាទិត្យ ប្រឆាំងច្បាប់អន្តោប្រវេសន៍ដែលត្រូវបានអនុម័តកាលពីពេលថ្មីៗនេះរបស់ប្រទេសបារាំង ដែលនឹងកាត់បន្ថយការបង់ប្រាក់សុខុមាលភាពសម្រាប់ជនបរទេស និងការពន្យារពេលអត្ថប្រយោជន៍ដូចជា ប្រាក់ឧបត្ថម្ភលំនៅឋានជាដើម។

ក្រសួងមហាផ្ទៃ បានប៉ាន់ប្រមាណថាបាតុករ ១៦.០០០នាក់ បានចេញធ្វើបាតុកម្មពីទីលាន Trocadero កាលពីថ្ងៃអាទិត្យ ខណៈសហជីព CGT បាននិយាយថា អ្នកតវ៉ា ២៥.០០០នាក់មានវត្តមាន។ ច្បាប់កាន់តែតឹងរ៉ឹង រួមទាំងកូតាការធ្វើអន្តោប្រវេសន៍ ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់កូនៗរបស់ជនអន្តោប្រវេសន៍ ដើម្បីក្លាយជាពលរដ្ឋបារាំង និងការពន្យារពេលដំណើរការរបស់ជនអន្តោប្រវេសន៍ជាច្រើនឆ្នាំ ដើម្បីទទួលបានអត្ថប្រយោជន៍សុខុមាលភាព ដូចជាប្រាក់ឧបត្ថម្ភលំនៅឋាន ដែលត្រូវបានបន្ថែមទៅក្នុងសេចក្តីស្នើច្បាប់ ដើម្បីទទួលបានការគាំទ្រពីសមាជិកសភាស្តាំនិយមសម្រាប់ការអនុម័ត។

រដ្ឋាភិបាលបារាំង កាលពីពេលដំបូងបាននិយាយថា នេះនឹងក្លាយជាច្បាប់នៃការបញ្ចុះបញ្ចូលឲ្យធ្វើ ដែលនឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់ជនអន្តោប្រវេសន៍ ដែលធ្វើការក្នុងវិស័យដែលខ្វះកម្លាំងពលកម្ម ដូចជាវិស័យសំណង់ ភោជនីយដ្ឋាន និងកសិកម្ម ដើម្បីទទួលបានការអនុញ្ញាតឲ្យស្នាក់នៅ ប៉ុន្តែក៏នឹងធ្វើឲ្យកាន់តែងាយស្រួលផងដែរ ក្នុងការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញ។ ពលករដែលគ្មានឯកសារមួយចំនួន បានចូលរួមការតវ៉ាក្នុងនោះមានលោក Talibe Drame មកពីប្រទេសម៉ាលី ដែលធ្វើការក្នុងវិស័យសំណង់។
លោកនិយាយថា លោកគិតថា ត្រូវបាននិយោជកកេងប្រវ័ញ្ច ដោយពុំបានរួមចំណែកដល់សន្តិសុខសង្គមរបស់លោក ឬផ្តល់សំណងសម្រាប់ការងារបន្ថែមម៉ោង។ ជនជាតិម៉ាលី ម្នាក់ទៀត ឈ្មោះ Mamadou Camara បានត្អូញត្អែរពីលក្ខខណ្ឌការងារមិនល្អ និងការបើកប្រាក់ឈ្នួលយឺតយ៉ាវ។