ភ្នំពេញ ៖ បន្ទាប់ពីអាជ្ញាធរតាមបណ្តាប្រកាសស្វែងរកជំនួយជំនួយដល់បណ្តាបងប្អូនប្រជាពលរដ្ឋដែលជួបការរងគ្រោះដោយសារទឹកជំនន់ នៅពេលនេះ កាកបាទក្រហមកម្ពុជាស្នាក់ការកណ្តាល និងកាកបាទក្រហមកម្ពុជា នៅតាមបណ្តាខេត្តរាជធានីភ្នំពេញ នានា គឺបានត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងនាំអំណោយជំនួយសង្គ្រោះនានា ចែកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាត ខណៈដែលបច្ចុប្បន្ន ពលរដ្ឋជួបការរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់កើនដល់១២០០០គ្រួសារ។
បើតាមលោកជំទាវ ម៉ែន នារីសុភ័ក្ត្រ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ប្រាប់BTV នៅថ្ងៃទី១២ ខែតុលានេះថា នៅពេលនេះ បណ្តាខេត្តឆ្ងាយៗ ដែលបាននិងកំពុងជួបរងគ្រោះដោយសារទឹកជំនន់ខ្លាំងជាងគេ គឺមានដូចជាខេត្តពោធិ៍សាត់ បាត់ដំបង ខេត្តប៉ៃលិន ឧត្តរមានជ័យ និងបណ្តាខេត្តនានា តាមដងទន្លេមេគង្គមួយចំនួន ហើយពេលនេះដែរកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមកម្ពុជា នៅតាមបណ្តាខេត្តនានា បាននាំអំណោយយកទៅដាក់ក្នុងឃ្លាំង នៅតាមបណ្តាខេត្តរួចរាល់អស់ហើយ ដើម្បីយកចែកជូនពលរដ្ឋជួបការរងគ្រោះដោយទឹកជំនន់។
លោកជំទាវ ម៉ែន នារីសុភក្ត្រ បន្តថា នៅពេលនេះ កាកក្រហមកម្ពុជា ក្រៅពីធ្វើការងារជាជំនួយការអោយអាជ្ញាធរមូលដ្ឋាន គ្រប់បណ្តាកងកម្លាំងយុវជនស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា ក៏ចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ចុះប្រជាពលរដ្ឋជួបការរងគ្រោះមកកាន់ទទួលសុវត្ថិភាព ជួយរៀបចំកន្លែងស្នាក់នៅផងដែរ ជូនចំពោះប្រជាពលរដ្ឋ។
ទោះយ៉ាងណានៅក្នុងអំឡុងពេលនេះ លោកជំទាវ ក៏បានអំពាវនាវប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នការពារខ្លួនអោយរួចពីគ្រោះទឹកជំនន់ ជាពិសេសត្រូវខិតខំធ្វើអនាម័យខ្លួន ការពារសត្វពស់ និងជំងឺកាចសាហាវនានាទៀត។
បើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ឃុន សុខា បានថ្លែងថា មកដល់ថ្ងៃនេះ ខេត្តដែលជួបរងគ្រោះដោយសារទឹកជំនន់គឺមានចំនួន១១ខេត្ត ហើយខេត្តដែលរងការប៉ះពាល់ ធ្ងន់ធ្ងរជាងគេ គឺមានខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ហើយសម្រាប់ពលរដ្ឋដែលជួបការប៉ះពាល់ ដោយសារគ្រោះទឹកជំនន់នេះ គឺមានប្រមាណជាង ១២៥០០គ្រួសារ និងមានគ្រួសារប្រជាពលរដ្ឋត្រូវបញ្ជូនទៅទីទួលសុវត្ថិភាព គឺមានចំនួនជាង១០០០គ្រួសារ។
ឯកឧត្តម បន្តថា នៅក្នុងអំឡុងពេលនេះ មានកងកំលាំង រួមមាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ កងទ័ព កងអាវុធហត្ថ នគរបាល អាជ្ញាមូលដ្ឋាននៅថ្នាក់ខេត្ត ឃុំសង្កាត់ ព្រមទាំងកម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងអ្នកពាក់ព័ន្ធនានាទៀត បានចូលច្រើនជួយសង្គ្រោះ៕
អត្ថបទ ៖ ស៊ុម សុខជា





