អាហ្វ្រិកខាងត្បូង៖ សមាជិកអ្នកតស៊ូដើម្បីសេរីភាពសេដ្ឋកិច្ច បានដើរតវ៉ាទៅកាន់ការិយាល័យជាច្រើនកន្លែងរបស់អាជ្ញាធរនិយតករផលិតផលសុខភាព ប្រទេសអាហ្វ្រិកខាងត្បូងក្នុងរដ្ឋធានីព្រីតូរៀ ទាមទារឲ្យស្ថាប័ននេះពន្លឿនការអនុម័តវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្សី និងវ៉ាក់សាំង Sinovac របស់ប្រទេសចិន។

លោក Vuyani Pambo អ្នកនាំពាក្យក្រុមអ្នកតស៊ូដើម្បីសេរីភាពសេដ្ឋកិច្ចនិយាយថា ពួកយើងស្លាប់ក្នុងចំនួនច្រើន យើងពិតជាពិបាកក្នុងការមើលឃើញ មនុស្សជាទីស្រលាញ់របស់យើងស្លាប់ដូចជាសត្វរុយ។ យើងនឹងក្រោកឈរឡើងហើយទាមទារកវ៉ាក់សាំង ហើយយើងកំពុងទាមទារវ៉ាក់សាំង Sputnik V ដែលយើងដឹងថា ជាប្រភេទវ៉ាក់សាំងល្អមានប្រសិទ្ធភាព ៩៧% ហើយយើងក៏ចង់បានវ៉ាក់សាំង Sinovac។ អត្រាចាក់វ៉ាក់សាំងយឺតរបស់ប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានដាក់កំហុសចំពោះការកើនឡើងវីរុសថ្មី។ ប្រទេសនេះមានកង្វះខាតវ៉ាក់សាំង ក្នុងចំណោមប្រទេសដទៃទៀតដែលពន្យារពេល។
លោក Julius Malema ប្រធានអ្នកតស៊ូដើម្បីសេរីភាពសេដ្ឋកិច្ចនិយាយថា យើងចង់មានការបិទប្រទេសដែលអាចនិយាយថា យើងនឹងបិទរយៈពេល ៧ថ្ងៃដើម្បីរៀបចំស្ថានីយចាក់វ៉ាក់សាំង។ នៅសប្តាហ៍នេះវ៉ាក់សាំង Johnson & Johnson ចំនួន ៣០ម៉ឺនដូសត្រូវបានលៃលកដើម្បីចាក់វ៉ាក់សាំងដល់គ្រូបង្រៀន និងបុគ្គលិកដទៃទៀតក្នុងវិស័យអប់រំរបស់ប្រទេសអាហ្វ្រិកខាងត្បូង៕
អត្ថបទ៖ ប៊ុនថន