មណ្ឌលគិរី៖ ហ្វូងដំរីព្រៃខេត្តមណ្ឌលគិរី ពិសេសក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា តែងតែបង្ហាញខ្លួនជាច្រើនក្បាល ក្បែរភូមិឋានអ្នកស្រុក ដើម្បីផឹកទឹករកចំណី តែមិនបង្កការគ្រោះថ្នាក់ដល់អ្នកស្រុកទេ ខណៈវត្តមានរបស់សត្វដំរីព្រៃធ្វើដំណើរជាហ្វូង ក៏ជាសញ្ញាល្អសរបញ្ជាក់ឲ្យឃើញពីចំនួនសត្វព្រៃនៅតែចំនួនច្រើនក្នុងព្រៃ មិនមានការបាត់បង់ ។

ប្រភពពីប្រជាពលរដ្ឋនៅស្រុកកែវសីមា បានលើកឡើងថា នៅរដូវប្រាំងហ្វូងដំរីព្រៃតែងតែចេញពីព្រៃមករកចំណី ឬប្រភពទឹកផឹកយ៉ាងទៀងទាត់ ព្រោះពីមុនតំបន់ទាំងនោះសុទ្ធតែជាព្រៃរបស់វាធ្លាប់រស់នៅ ។ ការបង្ហាញខ្លួនរបស់ហ្វូងដំរីក៏បង្កការរំខានខ្លះដែរ ដោយពួកវាបានស៊ីដំណាំផ្សេងៗរបស់អ្នកស្រុកដាំ ប៉ុន្តែពួកវាមិនបង្កគ្រោះថ្នាក់ដល់ប្រជាជនទេ ។
នាយកដែនជម្រកសត្វព្រៃកែវសីមា លោក ស៊ិន សត្ថា បានឲ្យដឹងជារឿយៗមន្ត្រីឧទ្យានុរក្សតែងល្បាតប្រទះឃើញហ្វូងដំរីព្រៃញឹកញាប់ ហើយប្រហែល៣ខែមុន ដំរីព្រៃជាច្រើនក្បាលបានបង្ហាញខ្លួននៅតំបន់ឃុំស្រែព្រះ ។
លោកបន្តថា គិតរហូតដល់ពេលនេះ មិនទាន់កំណត់បានតួលេខជាក់លាក់របស់ដំរីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមានោះទេ ត្បិតក្រុមមន្ត្រីជំនាញក្នុងឆ្នាំ២០២៣ប្រមូលបានសំណាកសត្វដំរីព្រៃប្រមាណជាង៤០០សំណាក់យកទៅពិសោធន៍ដើម្បីកំណត់ចំនួនរបស់ពួកវា ប៉ុន្តែមិនទាន់ទទួលបានលទ្ធផល ។
គួររំលឹកដែរថា តួលេខសត្វដំរីព្រៃកាលពីឆ្នាំ២០២១ ដែលមន្ត្រីជំនាញបានផ្ដល់ឲ្យ សត្វដំរីព្រៃអាស៊ីនៅខេត្តមណ្ឌលគិរីមិនមានចំនួនថយចុះនោះទេ ពួកវាកំពុងរស់នៅក្នុងព្រៃបង្កាត់កូនចៅយ៉ាងសុខសាន្ត ហើយចំនួនរបស់ពួកវាអាចមានចន្លោះពី៣០០ក្បាល ទៅ៤០០ក្បាល មានរស់នៅច្រើនក្នុងដែនជម្រកសត្វព្រៃកែវសីមា បន្ទាប់មកគឺដែនជម្រកសត្វព្រៃភ្នំព្រេច និងខ្លះទៀតរស់នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ៕ អ៊ិត ភីរុណ