លោក Denis Pushilin ប្រធានតំបន់ Donetsk ដែលត្រូវបានតែងតាំងដោយរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ២៧នាក់ បានស្លាប់ និង២៥នាក់ បានរងរបួស នៅពេលដែលកងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោងទៅលើទីក្រុង Donetsk គ្រប់គ្រងដោយរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន។

យោងតាមលោក Alexei Kulemzin អភិបាលក្រុងដែលលើកបន្តុបដោយរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានទម្លាក់គ្រាប់បែកនៅតំបន់ដ៏មមាញឹក ជាកន្លែងដែលហាង និងផ្សារមួយស្ថិតនៅទីនោះ។ លោក Pushilin ដែលបានប្រកាសថ្ងៃកាន់ទុក្ខមួយថ្ងៃនៅថ្ងៃចន្ទនេះ បានដាក់កំហុសលើអ៊ុយក្រែន ចំពោះការវាយប្រហារនេះ ដោយចាត់ទុកថា ជាការវាយប្រហារដោយកាំភ្លើងធំ «គួរឱ្យរន្ធត់» ទៅលើតំបន់ស៊ីវិលមួយនេះ។

អ៊ុយក្រែន មិនបានធ្វើអត្ថាធិប្បាយភ្លាមៗនោះទេ ហើយសារព័ត៌មាន AFP មិនអាចផ្ទៀងផ្ទាត់ភ្លាមៗពីពេលវេលានៃការវាយប្រហារនេះដែរ។ ក្រុមមន្ត្រី បាននិយាយថា ការវាយប្រហារនេះ បានធ្លាក់ទៅលើ ជាយក្រុងភាគនិរតីទីក្រុង ដែលមានចម្ងាយមិនដល់ ១៥ គីឡូម៉ែត្រ ពីសមរភូមិភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។
ទាំងរុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការកើនឡើងយ៉ាងខ្លាំង ក្នុងការវាយប្រហារលើតំបន់ជនស៊ីវិល ក្នុងរយៈពេលពីរខែកន្លងទៅនេះ។ នៅខាងមុខហាង ដែលរាយប៉ាយ និងមានកញ្ចក់បែក អាចត្រូវបានគេឃើញនៅក្នុងវីដេអូដែលចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី រួមជាមួយនឹងអ្វីដែលទំនងជាសាកសពជាច្រើននាក់ដេកនៅលើដីក្បែរនោះ។