សារព័ត៌មានធំមួយ នៅសហរដ្ឋអាមេរិកនិយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា ក្រុមហាម៉ាសប៉ាឡេស្ទីន នៅតែមានគ្រាប់រំសេវគ្រប់គ្រាន់ដើម្បីបន្តការវាយប្រហារលើអ៊ីស្រាអែល និងកងកម្លាំងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា រយៈពេលជាច្រើនខែទៀត។

សារព័ត៌មាន The Wall Street Journal បានចុះផ្សាយអត្ថបទមួយអំពីការប៉ាន់ប្រមាណ កាលពីថ្ងៃអាទិត្យ។ អត្ថបទនេះបាននិយាយថា សហរដ្ឋអាមេរិក ក៏បានប៉ាន់ប្រមាណថា ក្រុមហាម៉ាស មានអ្នកប្រយុទ្ធរហូតដល់ ៣០.០០០នាក់ មុនពេលសង្គ្រាម ដោយ ២០ ទៅ ៣០ ភាគរយក្នុងចំណោមពួកគេត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល បន្ទាប់ពីការប្រយុទ្ធគ្នាចាប់ផ្តើម។

អត្ថបទនេះ ក៏បានដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិកម្នាក់ ដោយនិយាយថា សហរដ្ឋអាមេរិក ប៉ាន់ប្រមាណថា ក្រុមសកម្មប្រយុទ្ធប្រហែល ១១.០០០នាក់ បានរងរបួស ហើយថា អ្នកទាំងនោះភាគច្រើន អាចត្រឡប់ទៅសមរភូមិវិញ។
អត្ថបទមួយផ្សេងទៀត ដែលចុះផ្សាយដោយសារព័ត៌មាន The Wall Street កាលពីថ្ងៃអាទិត្យ បាននិយាយថា សហរដ្ឋអាមេរិក ប្រទេសអេហ្ស៊ីប និងកាតា កំពុងជំរុញ អ៊ីស្រាអែល និងក្រុមហាម៉ាស ឱ្យចូលរួមក្នុងដំណើរការផ្នែកការទូតជាដំណាក់កាល ដែលនឹងនាំទៅដល់ការបញ្ចប់សង្រ្គាមនៅតំបន់ហ្សា។
អត្ថបទនេះ និយាយថាអ្នកសម្រុះសម្រួល បានស្នើសុំផែនការ៣ដំណាក់កាល រយៈពេល ៩០ ថ្ងៃ ដែលនឹងផ្អាកការប្រយុទ្ធសម្រាប់ចំនួនថ្ងៃដែលពុំបានបញ្ជាក់។ អត្ថបទនេះ និយាយថា ដំណាក់កាលទីមួយ នឹងពាក់ព័ន្ធទៅនឹងក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរជនស៊ីវិលអ៊ីស្រាអែលទាំងអស់ ហើយអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។
អ៊ីស្រាអែល ក៏នឹងដកកងកម្លាំងចេញពីទីប្រជុំជន និងក្រុងនានានៅតំបន់ហ្កាហ្សា ហើយបង្កើនចំនួនជំនួយទ្វេដងចូលក្នុងតំបន់ហ៊ុមព័ទ្ធនោះ។ អ៊ីស្រាអែល បានបន្តការវាយវាយប្រហារដោយយោធារបស់ខ្លួននៅទីក្រុង Khan Younis និងផ្នែកផ្សេងទៀតនៅតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ។ មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា មនុស្ស ១៧៨ នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលបង្កើនចំនួនអ្នកស្លាប់សរុបដល់ ២៥.១០៥នាក់។