ក្រុមប្រឹក្សាដឹកនាំរបស់ប្រធានាធិបតី(PLC)នៃប្រទេសយេម៉ែន បានកោះប្រជុំបន្ទាន់មួយកាលពីថ្ងៃអាទិត្យ ដើម្បីដោះស្រាយស្ថានភាពសន្តិសុខដែលកាន់តែយ៉ាប់យ៉ឺនក្នុងប្រទេស និងការកើនឡើងផ្នែកយោធាដោយកងកម្លាំងហ៊ួទី។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba ក្រុមប្រឹក្សានេះ បានព្រមានក្រុមឧទ្ទាមហ៊ួទីប្រឆាំងនឹងផលវិបាកនៃការវាយប្រហារកាន់តែខ្លាំង ការកំណត់គោលដៅជនស៊ីវិល និងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។

ប្រភពរដ្ឋាភិបាល បាននិយាយថា ប៉ុន្មានថ្ងៃថ្មីៗនេះ បានឃើញការប្រមូលផ្តុំរបស់ក្រុមហ៊ួទី និងការដាក់ឲ្យឈរជើងឡើងវិញនូវក្រុមយុទ្ធជន យានយន្ត និងសព្វាវុធនៅខ្សែត្រៀមជួរមុខមួយចំនួននៃប្រទេសអារ៉ាប់ដែលបំផ្លិចបំផ្លាញដោយសង្រ្គាមនេះ។
សេចក្តីថ្លែងការណ៍នោះ បានសរសើរ «ការត្រៀមខ្លួនរបស់កងកម្លាំងប្រដាប់អាវុធយេម៉ែន និងក្រុមតស៊ូដ៏ពេញនិយម ការពារស្ថាប័នរដ្ឋរបស់ប្រទេស និងប្រឆាំងនឹងការឈ្លានពានរបស់ក្រុមឧទ្ទាមហ៊ួទី»។
ក្រុមប្រឹក្សាដឹកនាំនេះ ក៏បានពិនិត្យមើលផលប៉ះពាល់ដែលអាចកើតមានលើការដឹកជញ្ជូន និងពាណិជ្ជកម្មសកលពីការវាយប្រហាររបស់ក្រុមហ៊ួទីម្តងហើយម្តងទៀត នៅក្នុងដែនទឹក ដោយបង្ហាញក្តីសង្ឃឹមថា ការរួបរួមអន្តរជាតិ នឹងពង្រឹងសមត្ថភាពរបស់ប្រទេសយេម៉ែន ដើម្បីការពារដែនទឹក និងអធិបតេយ្យភាពរបស់ខ្លួន។