ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យ (២១ មករា) ថាខ្លួនបានគណនាថាលោកខាងលិច ប្រឈមនឹងការបាត់បង់ទ្រព្យសម្បត្តិ និងការវិនិយោគដែលមានតម្លៃយ៉ាងហោចណាស់ ២៨៨ពាន់លានដុល្លារ ប្រសិនបើរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលបានបង្កក ដើម្បីយកទៅជួយកសាងអ៊ុយក្រែនឡើងវិញ ហើយបន្ទាប់មកទីក្រុងមូស្គូ នឹងសងសឹកលើលទង្វើនោះ។

បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកងកម្លាំងចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានហាមឃាត់ប្រតិបត្តិការជាមួយធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ី ដោយរារាំងទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលមានអធិបតេយ្យភាពប្រហែល ៣០០ពាន់លានដុល្លារនៅលោកខាងលិច។

ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងអង់គ្លេស បានធ្វើការក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដើម្បីចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងបែលហ្ស៊ិក និងទីក្រុងនានានៅអឺរ៉ុប ដើម្បីជួយដល់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលផ្នែកខ្លះនៃប្រទេសស្ថិតនៅក្នុងការបំផ្លិចបំផ្លាញ។

រុស្ស៊ីបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ថាបានព្យាយាមបញ្ចុះបញ្ចូលបណ្ដាប្រទេសនៅអឺរ៉ុប ដែលទ្រព្យសម្បត្តិភាគច្រើនរបស់រុស្ស៊ីសិ្ថតនៅ ឲ្យចុះហត្ថលេខាលើវិធានការស្រដៀងគ្នានេះ ហើយវិមានក្រឹមឡាំងបាននិយាយថា ទីក្រុងមូស្គូ មានបញ្ជីនៃទ្រព្យសម្បត្តិសហរដ្ឋអាមេរិក អឺរ៉ុប និងទ្រព្យសម្បត្តិផ្សេងទៀតដែលនឹងត្រូវរឹបអូស ប្រសិនបើបណ្តាប្រទេសលោកខាងលិច បន្តទៅមុខលើផែនការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី៕