យ៉ាងហោចណាស់ឧក្រិដ្ឋជនចំនួន ១២នាក់ ត្រូវបានសម្លាប់នៅលើផ្លូវហាយវេមួយនៅជិតទីក្រុង អ៊ែរម៉ូស៊ីយ៉ូ (Hermosillo) ក្នុងរដ្ឋសូណូរ៉ា (Sonora) ភាគខាងជើងប្រទេសម៉ិកស៊ិក ជាអ្វីដែលក្រុមអាជ្ញាធរហៅថាជាការប៉ុនប៉ងមិនបានសម្រេចក្នុងការជួយសង្គ្រោះកូនប្រុសរបស់ឃាតកម្នាក់ នេះបើយោងតាមមន្ត្រីរដ្ឋបាននិយាយកាលពីថ្ងៃអាទិត្យ (២១ មករា)។

ការិយាល័យមេធាវីរដ្ឋសូណូរ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សប្រាំពីរនាក់ផ្សេងទៀតបានរត់គេចខ្លួន ហើយអ្នកខ្លះទៀតប្រហែលជារងរបួស ហើយអ្នកនាំពាក្យម្នាក់បានបញ្ជាក់ប្រាប់សារព័ត៌មានរ៉យទ័រ ថាមនុស្ស ១២ នាក់ត្រូវបានគេសម្លាប់។ សេចក្តីថ្លែងការណ៍បានបន្ថែមថា មន្ត្រីសន្តិសុខពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីមានការប៉ះទង្គិចគ្នា ហើយឥឡូវនេះស្ថិតក្នុងស្ថានភាពធូរស្រាល។

ការិយាល័យនោះបាននិយាយថា ខ្លួនសង្ស័យថាក្រុមដែលប្រដាប់ដោយអាវុធវាយលុកនេះ កំពុងព្យាយាមជួយសង្គ្រោះកូនប្រុសរបស់ឧក្រិដ្ឋជន ហេស៊ូស ស៊ុមប៊ែរតូ លីម៉ុន (Jesus Humberto Limon) ជាឃាតករដែលសង្ស័យធ្វើការឱ្យបក្សពួកអង្គការឧក្រិដ្ឋកម្ម ស៊ីណាឡូអា ខាតេ (Sinaloa Cartel)។
ការិយាល័យដដែលនោះបាននិយាយថា កូនប្រុសរបស់ឃាតករដែលត្រូវចោទប្រកាន់រូបនេះឈ្មោះ ខាឡូស ស៊ុមប៊ែរតូ (Carlos Humberto) ត្រូវបានឃុំខ្លួនប៉ុន្មាននាទីមុននោះពីបទ «ឧក្រិដ្ឋកម្មប្រឆាំងនឹងសុខភាព» នៅក្នុងទីក្រុង កាមីណូ ឌែលសេរី (Camino del Seri) ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ៕