ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែឆ្នាំនេះ សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនជាង៨០០គីឡូក្រាម និងឃាត់ខ្លួនមនុស្សជាង៧០០០នាក់។
របាយការណ៍មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីខែមករា ដល់ខែមិថុនានេះ នគរបាលបានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៣១៤៩ករណី ដោយបានឃាត់ខ្លួនមនុស្សចំនួនជាង៧ពាន់នាក់៨សញ្ជាតិ ជនបរទេស១២០នាក់ និងបានដកហូតគ្រឿងញៀនចំនួនជាង៨០០គីឡូក្រាម ក្រៅពីនេះក៏បានរកឃើញដើមកញ្ឆាជាង១ម៉ឺន៤ពាន់ដើមផងដែរ។
របាយការណ៍របស់នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញថា ករណីគ្រឿងញៀនក្នុង រយៈពេល៦ខែមកនេះ មានដូចជា ករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង ប្រើប្រាស់ និងមានជាង២០០ករណី ជាការបង្ក្រាបដោយអនុវត្តតាមដីការបស់តុលាការ។
ក្រៅពីឃាត់ខ្លួនមនុស្ស និងដកហូតគ្រឿងញៀន នគរបាល ក៏បានឃាត់ទុកនូវមធ្យោបាយផ្សេងៗ ផងដែរ មានដូច រថយន្ដ៤៧គ្រឿង ម៉ូតូ៨១៨គ្រឿង អាវុធខ្លី៥ដើម អាវុធវែង១៨ដើម និងអាវុធកែច្នៃ ១១ដើមផងដែរ៕
អត្ថបទ ៖ តារាវុទ្ធី


