
លោក Volodymyr Petryshyn គឺជាមេភូមិដែលស្ថិតនៅកណ្តាលសមរភូមិមុខ ។ ភូមិ Zoria របស់លោកស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន បានជាប់នៅក្នុងសង្រ្គាមក្រោយការវាយលុករបស់រុស្ស៊ីកាលពីឆ្នាំ ២០២២ ។
មាននូវការផ្លោងគ្រាប់កាំភ្លើងធំឥតឈប់ឈរ និងការផ្លោងគ្រាប់បែកផូស្វ័រ ធ្វើឲ្យមនុស្សរស់នៅទីនោះរត់ភៀសខ្លួន ។ គ្មានអគារណាមួយដែលថាមិនខូចខាតនោះទេ ។
ស្របពេលដែលការកសាងអ៊ុយក្រែនឡើងវិញ ក្លាយជាកម្មវត្ថុនៃការជជែកដេញដោលដ៏ក្តៅគគុកទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស លោក Petryshyn បានក្តាប់ជាប់បញ្ហាមួយនេះ ។
ពេលដែលភូមិមួយនេះ ក្រោយមកត្រូវបានដណ្តើមមកវិញពីទាហានរុស្ស៊ីនៅឆ្នាំនោះ លោក Petryshyn បានដឹកនាំយុទ្ធនាការដើម្បីនាំអ្នកភូមិឲ្យវិលត្រឡប់មកផ្ទះរបស់ពួកគេវិញ ហើយនិងបានកសាងភូមិ Zoria ឡើងវិញ បើទោះបីជាគ្រួសាររបស់លោក បាត់បង់អ្វីគ្រប់បែបយ៉ាងក៏ដោយ ។
លោក Petryshyn និយាយថា ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញគ្មានសេសសល់ ។ ផ្ទះរបស់លោក រងការបំផ្លិចបំផ្លាញផងដែរ ។ ដំបូលរាយប៉ាយពាសពេញសួន ។ ពួកយើងតែងតែរងការវាយប្រហារដោយគ្រាប់បែកផូស្វ័រ ហើយយើងអាចមើលឃើញថា មាននូវការឆាបឆេះដ៏ធំមួយនៅក្នុងផ្ទះ អ្វីៗគ្រប់បែបយ៉ាងបានឆាបឆេះគ្មានសល់ ។
ក្រុមស្ម័គ្រចិត្ត បានផ្តល់សំពត់តង់ដល់លោក Petryshyn ដើម្បីដំឡើងនៅជាប់នឹងផ្ទះរងការឆាបឆេះរបស់លោក ។ នៅទីបញ្ចប់លោកបានវិលត្រឡប់មកនៅក្នុងបន្ទប់ក្នុងផ្ទះរបស់លោកដែលលោកអាចជួសជុលវាបាន ។
ពេលដែលលោក Petryshyn ធ្វើការជួសជុលផ្ទះរបស់លោក ភរិយា និងកូនៗរបស់លោកបន្តស្នាក់នៅទីក្រុងក្បែរនោះ ។
លោក Petryshyn និយាយថា ពួកយើងគ្មានចរន្តអគ្គិសនីនោះទេ ពួកយើងគ្មានទឹកនោះទេ ។ ដំបូងមានមនុស្ស ២០នាក់ប៉ុណ្ណោះ បានវិលត្រឡប់មកវិញ ។ ពួកយើងបានទូរស័ព្ទហៅក្រុមហ៊ុនអគ្គិសនីក្នុងស្រុក ដើម្បីស្តាខ្សែថាមពលឡើងវិញ ។ លោកថា មួយរយៈពេលក្រោយមក ពួកយើងបានចាប់ផ្តើមមានអគ្គិសនីម្តងទៀត ។
បច្ចុប្បន្ន មនុស្ស ៧៤គ្រួសារ បានវិលត្រឡប់មករស់នៅក្នុងភូមិ Zoria វិញ ពោលគឺជាចំនួនមនុស្សជិតស្មើចំនួនគ្រួសារកាលពីមុនសង្រ្គាម ៕